ប្រវត្តិ លោក Blaise Pascal
Pascal ជាអ្នកប្រាជ្ញលើច្រើនវិស័យ និងរួមចំណែកយ៉ាងធំធេងក្នុងវិទ្យាសាស្ត្រ ។ លោកចាប់បដិសន្ធិក្នុងត្រកូលបញ្ញវ័ន្ត ។
បរិយាកាសវិទ្យាសាស្ត្របានជំរុញដល់ការពង្រីកនូវ
ទេព្យកោសល្យរបស់លោកតាំងពីនៅវ័យកុមារម្ល៉េះ ។ អាយុបាន
១០ ឆ្នាំ កុមារ Pascal ចេះធ្វើការកត់សំគាល់ ពីការរាលឆ្លង
សូរស័ព្ទហើយបានសរសេរ "និក្ខេបបទខ្លី" អំពីក្រឹត្យក្រម
រាលឆ្លង សូរស័ព្ទទៀតផង ។ វ័យបាន២០ ឆ្នាំ Pascal ចាប់ផ្តើម
ធ្វើសំណង់បង្កើតថ្មីយ៉ាងឆ្នើម លើគណិតសាស្ត្រ និងរូបវិទ្យា ។
លោកជាអ្នកបង្កើតចេញនូវវិធីផ្ទៃមុខរាបកូនីក ច្បាប់ទឹកនឹងថ្កល់ និងការសន្និដ្ឋានពីការស្ថិតស្ថេរនៃ
សំពាធបរិកាស ។ លោកក៏ជាបិតាបង្កើតនូវបណ្តាម៉ាសុីនគិតលេខ ហើយបានច្នៃប្រឌិតបង្កើតនូវ
ម៉ាសុីនគិតលេខចំនួន ៥០ ដែលមានម៉ូតខុសប្លែកៗពីគ្នា ។ មិនតែប៉ុណ្ណោះ Pascal ក៏ជាទស្សនវិទូ
មួយរូបដែលមានទស្សនៈនយោបាយ និងសង្គមជឿនលឿន ។ វណ្ណកម្ម "លិខិតផ្ញើចំពោះមិត្ត"
របស់លោកត្រូវបានវាយតម្លៃថា ជាវណ្ណកម្មសិល្បអក្សរសិល្ប៍ដ៏ឆ្នើមរបស់បារាំង ។
រូបកង់រថយន្ត និង រូបជ្រុងទ្រវែង
នៅរាល់ពេលល្ងាចក្នុងបន្ទប់ទទួលភ្ញៀវរបស់អ្នកគណិតសាស្រ្ត Étienne Pascal (ជាឪពុកគាត់) ច្រើនតែមានឥស្សរជនដ៏ល្បីៗឈ្មោះនៅទីក្រុងបារីសមកលេងកុះករ ។ គេបានពិភាក្សាលើច្រើន
បញ្ហា ។ ក្នុងនោះមានទាំងបញ្ហាគណិតសាស្រ្តទៀតផង ។ កាលណោះកុមារ Blaise Pascal ទើបតែ
មានអាយុ ៨ ឆ្នាំ ប៉ុណ្ណោះ ម្តងនោះគេបានលួចបើកទ្វារចូលដោយបើកភ្នែកធំៗថ្លាយង់សំលឹងទៅ
មុខដ៏ក្រហមរបស់លោក ដែលកំពុងជជែក និងប្រកែកគ្នា.....។
ថ្ងៃមួយ Pascal បានសួរឪពុកថា
- ពុកអ្ហា ! អា "ធរណីមាត្រសាស្រ្ត" ដែលអ៊ំៗគាត់បានប្រកែកជជែកគ្នានោះគឺជាអ្វីទៅពុក ? ថ្វីបើ
ខ្លួនជាអ្នកគណិតសាស្រ្តពិតមែន ប៉ុន្តែឪពុក Pascal មិនដែលនឹកឃើញដល់រឿងត្រូវបង្រៀនកូន
របស់ខ្លួន នូវចំណេះដឹងពីគណិតសាស្ត្រឡើយ ពីព្រោះលោកយល់ឃើញថា កូនរបស់លោកនៅ
តូចពេក ។ ហេតុនោះ លោកគ្រាន់តែឆ្លើយអោយរួចពីមាត់តែប៉ុណ្ណោះ
-អូ ! នោះគឺជាវិធីគូរនូវបណ្តារូបជ្រុង រូបមូល ហើយរកនូវទំនាក់ទំនងរវាងរូបទាំងនោះទៅវិញ
ទៅមក .....
មិនយូរប៉ុន្មានស្រាប់តែ ឪពុក Pascal ប្រទះឃើញកូនរបស់ខ្លួនកំពុងប្រឹងគូរនូវបណ្តារូបចម្លែកៗលើ
ឥដ្ឋ ។
- កូនឯងធ្វើអីហ្នឹង ?
កុមារ Pascal អេះអុញ មុខឡើងក្រហម
- កូន .... កូនកំពុងរកទំនាក់ទំនងរវាង កង់ឡាន ជាមួយរូបជ្រុងទ្រវែង ។ រូបកង់ឡានដែលកុមារ
Pascal បានហៅគឺជា រូបរង្វង់មូល ចំណែករូបជ្រុងទ្រវែង គឺរូបចតុកោណកែង ។ ឪពុករបស់ Pascal
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកូនរបស់លោកដែលមិនទាន់បានរៀនគណិតសាស្ត្រមួយថ្ងៃ
ណាសោះបែរជាអាចសន្និដ្ឋានបាននូវទ្រឹស្តីបទមួយចំនួនទៀត ។
អំណោយជូនចំពោះលោកឪពុក
កាលលោកស្ថិតនៅក្នុងវ័យជានិស្សិត នាពេលអាធ្រាត្រមួយនោះ ពេលឃើញឪពុករបស់ខ្លួនកំពុង
ប្រឹងធ្វើការនៅលើតុមួយ Pascal ក៏លួចដើរស្រាលជើងថ្នមៗមកជិតឪពុក តែឪពុក Pascal នៅតែ
ជក់អារម្មណ៍ភ្លេចខ្លួននឹងតួរលេខដ៏ច្រើន ។ លោកកំពុងពិនិត្យបញ្ជីរបស់មន្ទីរហិរញ្ញវត្ថុ ដែលលោក
ទើបនឹងបានទទួលតំណែង និងទទួលបន្ទុក ។
- ខ្សែតួរលេខ បូក ដ៏វែងរាប់ពាន់លេខ .... ! Pascal លួចនឹកក្នុងចិត្តកិច្ចការដ៏គួរអោយធុញទ្រាន់ តែ
មិនអាចគេចផុត ។ ក៏ប៉ុន្តែ .... ក្នុងខួរក្បាលរបស់អ្នកគណិតសាស្ត្រវ័យក្មេងនេះ បានលេខឡើងនូវ
ពន្លឺមួយ ! Pascal នឹកក្នុងចិត្តរួចវិលទៅកាន់បន្ទប់របស់ខ្លួន គូសវាសនូវប្លង់មួយនៅលើក្រដាស ....
១០ ថ្ងៃក្រោយមកលោកតា Pascal ជាឪពុក ស្រឡាំងកាំងក្រែលែងដោយឃើញកូនរបស់ខ្លួនអោប
វត្ថុចំលែកមួយមកដាក់លើតុរបស់គាត់ ។
- "កូនសង្ឃឹមថា អំណោយដ៏តូចស្តួចស្តើងនេះអាចនឹងជួួយសំរាលដល់ការឈឺក្បាលរបស់ពុក
ដោយសារតួរលេខទាំងឡាយ" ! ការពិតនោះ គឺជាម៉ាសុីនបូក-សង ដែល Pascal បានយកអស់
កម្លាំងកាយចិត្តបញ្ញារបស់ខ្លួនបូជាចំពោះឪពុក ក្នុងការរុករកបង្កើតវា ។ នោះក៏ជាម៉ាសុីនគិតលេខ
ដំបូងបង្អស់លើសកលលោកជាមាតាបិតាបុព្វសម័យ នៃបណ្តាម៉ាសុីនកុំព្យូទ័រដ៏ទំនើបនាពេល
បច្ចុប្បន្ន ។
"ដើមប្របុសចេះពិចារណា"
Pascal ពុំត្រឹមតែជាអ្នកប្រាជ្ញដ៏មហិមាប៉ុណ្ណោះទេ តែនៅជាទស្សនវិទូមួយរូប ដែលតែងតែធ្វើការ
តស៊ូប្រឆាំងរាល់ជំនឿឈ្លក់វង្វេងនឹងសាសនាទៀតផង ។ ថ្ងៃមួយមិត្តម្នាក់បានរំលឹកដល់លោកថា
- មនុស្សយើងប្រៀបបាននឹងដើមប្របុសដ៏ទន់ខ្សោយចំពោះធម្មជាតិដ៏ខ្លាំងក្លា និងធំធេង ។ ដូច្នេះ
ធ្វើដូចម្តេច និងបងឯងអាចនឹងទ្រាំទ្ររួចនឹងកម្លាំងព្យុះព្យោមានោះ ?
Pascal តបវិញថា
- ពិតណាស់ ! មនុស្សគ្រាន់តែជាដើមប្របុសដ៏ទន់ខ្សោយ តែជាដើមប្របុសដែលចេះពិចារណា ។
ហេតុនេះ វាមិនសុខចិត្តទុកអោយព្យុះព្យោមាបោកបក់រំលំរំលើងឡើយ ...
"ពន្លឺនៃវិទ្យាសាស្រ្ត"
មានម្តងនោះ ក្នុងពិធីជប់លៀងមួយដោយចៃដន្យ Pascal អង្គុយនៅក្បែរសង្ឃរាជស្រុក ។ ពេល
ដែលសង្ឃរាជស្រុកជក់បារីតាមច្បាប់សុជីវធម៌ អ្នកវិទ្យាសាស្ត្របង្ខំចិត្តត្រូវគូសឈើគូស ដើម្បីឲ្យ
សង្ឃរាជអុចបារី ។ ជាភ័ព្វអាក្រក់ឈើគូសគ្រាន់តែខ្ទាតភ្លើងហើយរលត់ភ្លាម ។
សង្ឃរាជស្រុកញញឹមហើយនិយាយលេងថា
- លោកឃើញទេ ពន្លឺវទ្យាសាស្រ្ត ដែលទើបនឹងបង្កាត់ភ្លើង ត្រូវរលត់បាត់ទៅវិញហើយ ។
គំនិតរបស់សង្ឃរាជស្រុកចង់និយាយដល់ការប្រកែកជជែកគ្នា ដែលទើបនឹងផ្ទុះឡើងរវាងអ្នកវិទ្យា
សាស្ត្រ ជាមួយបណ្តាអ្នកនៅក្នុងសមាគមសាសនា ។ Pascal ក៏សើចហើយឆ្លើយតបវិញថា
- ជំរាបលោកម្ចាស់ នៅក្នុងដៃលោកម្ចាស់ទុកជាពន្លឺភ្លើងអ្វីក៏គង់តែត្រូវរលត់ដែរ ។ អាកប្បកិរិយា
និងសតិអារម្មណ៍ជឿនលឿនរបស់ Pascal មិនបានធ្វើអោយក្នុងមជ្ឈដ្ឋានអ្នកកាន់សាសនាមាន
ការពេញចិត្តឡើយ ។ នៅអាយុ ៣២ ឆ្នាំ គ្រោះថ្នាក់មួយនៅលើដងទន្លេសែន បំរុងនឹងផ្តាច់ជីវិតអ្នក
វិទ្យាសាស្ត្រដ៏ក្មេងវ័យរបស់យើង ។ ឆ្លៀតឧ៌កាសល្អនេះ បណ្តាសង្ឃកាតូលិកនាំគ្នាបំផ្លោងថា
ព្រះយេស៊ូបានដាក់ទណ្ឌកម្មដល់ជនដែលមើលងាយដល់ព្រះជាម្ចាស់ហើយ ។ ប៉ុន្តែទុកជាមាន
ការប្រឆាំងពីវិហារកាតូលិកយ៉ាងណាក្តី ក៏បណ្តាវណ្ណកម្មវិទ្យាសាស្ត្ររបស់ Pascal ត្រូវបានផ្សព្វ
ផ្សាយយ៉ាងទូលំទូលាយ ហើយនៅទីបញ្ចប់វិទ្យាសាស្ត្រនៅតែទទួលជ័យជំនះលើជំនឿស៊ុបវង្វេង
នឹងសាសនាជានិច្ច ៕