loading...

ជី​វប្រវត្តិ​​វិ​​របុរស​​​​ជាតិ​សឹង្ហ​​​​បុរី លី ក្វាន់​យូ

សេចក្តីផ្តើម ៖  លោកអ្នក​ ប្រហែលជា​ធ្លាប់​លឺ​យ៉ាងហោចណាស់​ម្ដង នូវ​ឈ្មោះ​របស់​លី ក្វាន់​យូ (​ដែល​យ៉ាងហោចណាស់​ក៏​ប្រហែល​ជាមាន​សរសេរ​នៅក្នុង​សៀវភៅ​សិក្សា​របស់​ក្រសួង អប់រំ​ដែរ​) និង​ច្បាប់​ហាមប្រាម​ការ​ទំពៀរ​ស្ករ​កៅស៊ូ​នៅ​សិង្ហ​បុរី​ដែល​លោក លី ក្វាន់​យូ​បាន​បង្កើត​។ លោក​ជា​នាយករដ្ឋមន្ត្រី​ទី​១​របស់ កូន​នាគ​នៅ​អាស៊ី សិង្ហ​បុរី​។ បើ​យើង​ប្រៀបធៀប​សិង្ហ​បុរី​មុន​និង​ក្រោយ​ការ​កាន់អំនាច​របស់​លី ក្វាន់​យូ យើង​ពិតជា​មិន​ស្ញើ​ច​សរសើរ​មិនបាន ចំពោះ​នយោបាយ​ដឹកនាំ​របស់លោក
ដែល​បាន​ប្រែ​មុខមាត់​សិង្ហ​បុរី ជា​ប្រទេស​រីកចំរើន​ជាងគេ​មួយ​នៅ​អាស៊ី ទោះជា​ប្រទេស​នេះ​មាន​ផ្ទៃដី​ដ៏​តូច និង​គ្មាន​ធនធានធម្មជាតិ​សោះ ដែល​សូម្បីតែ​ទឹក​សំរាប់​ផឹក ក៏ត្រូវ​ទិញ​ពី​ប្រទេសជិតខាង​ដែរ​។ លោក​លី​ក្វាន់​យូ ពិតជា​បី​តា​សិង្ហ​បុរី បច្ចុប្បន្ន ដែលប្រជាជនសិង្ហបុរីគោរពបំផុត​។ គំរូ​ដឹកនាំ
របស់​លី​ក្វាន់​យូ លើ​ទឹកដី​ចំរុះ​ជាតិ​សាសន៍​នេះ អាច​ធ្វើជា​គំរូ​សំរាប់​អ្នកដឹកនាំ​ជំនាន់​ក្រោយ​រៀនសូត្រ​តាម​។ អត្ថបទ​ខាងក្រោម​នេះ​នឹង​រៀបរាប់​ពី​ដំនើរ​ជីវិត​របស់​លី ក្វាន់​យូ និង​ការកសាង​សិង្ហ​បុរី​ទំនើប​របស់លោក​។​
​លោក លី ក្វាន់​យូ (​ជា​ភាសា​អង់គ្លេស Lee Kuan Yew និង​ជា​ភាសា​ចិន 李光耀) កើត​នៅ​ថ្ងៃទី ១៦ កញ្ញា ១៩២៣​។ លោក​ជា​នាយករដ្ឋមន្ត្រី​ដំបូង​បំផុត​របស់​សាធារណរដ្ឋ​សិង្ហ​បុរី ចាប់ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៩០​។ បន្ទាប់ពី​លោក​ចុះ​ពី​តំនែង​ក៏ដោយ លោក​នៅតែ​ជា​អ្នកនយោបាយ​ដ៏​មាន​ឥ​ទ្ឋិ​ពល​ម្នាក់​នៅ​សិង្ហ​បុរី​។​
អំពី​គ្រួសារ
​ លោក លី ក្វាន់​យូ ជា​កូនចៅ​ជំនា​ន់ទី​៤​នៃ​គ្រួសារ​ចិន​សិង្ហ​បុរី​មួយ​។ លោកតា​ទួត​របស់លោក​បានធ្វើ​អន្តោប្រវេសន៍​មកពី​ខេត្ត​គ័ង​ដុង​ប្រទេស​ចិន នៅ​ឆ្នាំ ១៨៦២​។ លោក​ជា​កូនប្រុស​ច្បង​របស់លោក លី ជីន​គូ​ន (Lee Chin Koon) និង​អ្នកស្រី ជួ ជី​ម​នាវ (Chua Jim Neo) ។ កាលពី​កុមារភាព លោក​ទទួល​ឥ​ទ្ឋិ​ពល​ពី​វប្បធម៌​អង់គ្លេស​ច្រើន ដោយសារ​ជីតា​និង​ឪពុក​របស់លោក​ដែល​បាន​រៀនសូត្រ​ភាសា​អង់គ្លេស​បាន​ជ្រៅជ្រះ ​។ ជីតា​របស់លោក​ដាក់ឈ្មោះ​ជា ភាសា​អង់គ្លេស មួយ​ដល់​លោក​ថា ហារី បន្ថែម​ពីលើ​ឈ្មោះ​ជា​ភាសា​ចិន​របស់លោក​ដែល​ឪពុក​លោក​ដាក់អោយ​។ ហេតុនេះ​លោក​តែង​ត្រូវបាន​គេ​ហៅថា ហារី ក្នុងចំនោម​មិត្តភក្ដិ​ស្និ​ទ្ឋ​ស្នាល និង​គ្រួសារ​របស់លោក​។​
​លោក​រៀប​ អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី ក្វា ហ្គ័​ក​ចូ (Kwa Geok Choo) នៅ​ថ្ងៃទី​៣០ កញ្ញា ១៩៥០​។ ពួកលោក​មានកូន​ប្រុស​២​នាក់​និង​កូនស្រី​ម្នាក់​។ សមាជិកគ្រួសារ​ត្រកូល លី ជាច្រើន​កាន់តំនែង​សំខាន់ៗ​ក្នុងសង្គម​សិង្ហ​បុរី​។ កូនប្រុស​និង​កូនស្រី​របស់លោក​កាន់តំនែង​យ៉ាងខ្ពស់​ក្នុង​ជូរ​រដ្ឋាភិបាល​។ កូនប្រុស​ច្បង​របស់លោក គឺ​លោក លី សៀន​លូ​ង ដែលជា​អតីត​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​តាំងពី​ឆ្នាំ​ ២០០៤ ។ លោក​ក៏​ជា​ប្រធាន ក្រុមហ៊ុន​វិនិយោគទុន​របស់​រដ្ឋាភិបាល​សិង្ហ​បុរី (Government of Singapore Investment Company) ហើយ​កូនប្រុស​របស់លោក​ជា​អនុប្រធាន​។ កូនប្រុស​ពៅ​របស់លោក​ឈ្មោះ លី សៀន​យ៉ាង ដែលជា​អតីត​ឧ​ត្ត​ម​សេនីយ៍​ផង​នោះ ជានា​យក​និង​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន SingTel (​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​មួយ​នៅ​សិង្ហ​បុរី​)​។ កូនស្រី​របស់លោក​ឈ្មោះ លី វ៉ី​លីង គ្រប់គ្រង វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ស​សៃ​ប្រសាទ​ជាតិ (the National Neuroscience Institute)​។​
ជីវិត​កាលពី​កុមារភាព​និង​ប្រវត្តិ​សិក្សា
​ ​​ លោក លី ក្វាន់​យូ​បាន​ចូល​សិក្សា​នៅ សាលាបឋមសិក្សា​តេ​ឡុ​ក​គូ​រ៉ៅ (Telok Kurau Primary School), ស្ថាប័ន​រ៉ា​ហ្វ​ល​(Raffles Institution) និង​មហាវិទ្យាល័យ​រ៉ា​ហ្វ​ល (Raffles College)​។ ការសិក្សា​នៅ​មហាវិទ្យាល័យ​របស់លោក​ត្រូវបាន​ពន្យា​ពេល​ដោយសារ សង្គ្រាមលោកលើកទី​២ និង​ការចូល​មកកាន់​កាប់រ​បស់​ជប៉ុន​ពី​ឆ្នាំ ១៩៤២​ដល់​១៩៤៥​។ ក្នុង​រយៈពេល​នេះ លោក​បាន​រកស៊ី​លក់​កាវ​វិទ្យាសាស្ត្រ​ឈ្មោះ Stikfas យ៉ាង​ជោគជ័យ​ក្នុង​ផ្សារងងឹត​។ ដោយសារ​លោក​បាន​រៀន​ជា​ភាសា​ចិន​និង​ជប៉ុន​តាំងពី​ឆ្នាំ​១៩៤២ លោក​មាន​សមត្ថភាព​ក្នុងការ​បកប្រែ​សារ​ទូរលេខ​របស់​ពួក​ស​ម្ព័​ន្ឋ​មិត្ត​ អោយ ពួក​ជប៉ុន​។ លោក​ក៏បាន​ធ្វើជា​អ្នក​និ​ព​ន្ឋ​ផ្នែក​ភាសា​អង់គ្លេស​អោយ​មន្ទីរ​ពត៌មាន ជប៉ុន​ហូ​ដូ​ប៊ុ (報道部) ផងដែរ​ពី​ឆ្នាំ ១៩៤៣​ដល់​១៩៤៤​។​
​ បន្ទាប់ពី​សង្គ្រាម លោក​បាន​ចូល​សិក្សា​ផ្នែក​ច្បាប់​នៅ​មហាវិទ្យាល័យ​ហ្វី​ត​វីលៀម​,​ខេ​ម​ ប្រ៊ី​ដ (Fitzwilliam College, Cambridge) នៅ​រាជាណាចក្រ​រួម​។ លោក​បានបញ្ចប់​ការសិក្សា​ដោយបាន​ទទួល សញ្ញាប័ត្រ​កិត្តិយស​ថ្នាក់​ទី​១​ផ្កាយ​២ (Double Starred First Class honours)​។ បន្ទាប់មក​លោក​ចូលរៀន​ច្បាប់​នៅ​សាលា​សេដ្ឋកិច្ច​ឡិន​ដិ​ន ផងដែរ​។ លោក​វិល​ត្រលប់មក​សិង្ហ​បុរី​វិញ​នៅ​ឆ្នាំ ១៩៤៩ ដោយ​ចាប់យក​អាជីព​ជា​មេធាវី​។​
ជីវិត​នយោបាយ​ពី​ឆ្នាំ ១៩៥១​ដល់​១៩៥៩
​ មុន​ការបង្កើត​គណបក្ស​សក​ម្ម​ភាព​ប្រជាជន (People’s Action Party ហៅ​កាត់​ថា PAP)
​ បទពិសោធន៍​នយោបាយ​ដំបូង​បំផុត​របស់លោក​ចាប់ផ្ដើម​នៅពេល​លោក​ធ្វើជា ភ្នាក់ងារ​បោះឆ្នោតអោយ​ចៅហ្វាយ​របស់លោក​គឺ​លោក ច​ន ឡេ​យ​ខក់ (John Laycock) ក្រោម​ផ្លាកគណបក្ស​ឆ្ពោះទៅមុខ (Progressive Party) (​និន្នាការ​អង់គ្លេស​) នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ (Legislative Council Elections) នៅ​ឆ្នាំ ១៩៥១​។ ប៉ុន្តែ​លោក​បាន​សំលឹង​ឃើញថា​អនាគត​របស់​គណបក្ស​នេះ​មាន​ភាពស្រពិចស្រពិល ដោយ​គ្មាន អ្នកគាំទ្រ​ទ្រង់ទ្រាយ​ធំ ជាពិសេស​ពី​សំនាក់​វណ្ណៈ​កម្មករ​និយាយ​ភាសា​ចិន​។ ការ​បំបែក​ខ្លួន​របស់លោក​ធ្វើឡើង​នៅពេល​លោក​ធ្វើជា​ទីប្រឹក្សា​ច្បាប់​អោយ សហ​ព័​ន្ឋ​និស្សិត​និង​ពាណិជ្ជកម្ម ដែល​ការណ៍​នេះ​បានផ្ដល់​ឱកាស​ដល់​លោក​ក្នុង​ការធ្វើទំនាក់ទំនង​ជាមួយ​វណ្ណៈ កម្មករ​ជនជាតិ​ចិន​។​
​​​​​ ការបង្កើត PAP
​ នៅ​ថ្ងៃទី​២១ វិច្ឆិកា ១៩៥៤ លោក​ជាមួយ​មិត្តភក្តិ​វណ្ណៈ​កណ្ដាល​ដែលមាន​ការសិក្សា​ផ្នែក​ភាសា​អង់គ្លេស មួយក្រុម បានរួម​គ្នា​បង្កើត​គណ​បក្ស​សង្គមនិយម​មួយ​ឈ្មោះ គណបក្ស​សកម្មភាព​ប្រជាជន (People’s Action Party ហៅ​កាត់​ថា PAP) និង​មាន​សំព័​ន្ឋ​ភាពជា​មួយ​សហ​ព័​ន្ឋ​ពាណិជ្ជកម្ម​ដែល​គាំទ្រ​របប​កុំ​ ម្មុយ​នី​ស​។ ពួកគេ​មាន​គោលដៅ​រួម​ក្នុងការ​ជំរុញអោយមាន​រដ្ឋាភិបាល​ផ្ទាល់ខ្លួន​និង​ បញ្ចប់ ការគ្រប់គ្រង​ពី អាណានិគម​អង់គ្លេស​។ លោក​ត្រូវបាន​គេ​ជ្រើសរើស​អោយធ្វើជា​អគ្គលេខាធិការ​សំព័​ន្ឋ​ភាព​។​
ជីវិត​ជា​នាយករដ្ឋមន្ត្រី មុន​ឯករាជ្យ (១៩៥៩​ដល់​១៩៦៥)


លី ក្វាន់​យូ ពេល​ជាប់​ជា​នាយករដ្ឋមន្ត្រី​
នៅក្នុង ​ការបោះឆ្នោត​សកល​ឆ្នាំ​១៩៥៩ PAP​ដណ្ដើមបាន​៤៣​កៅអី​ក្នុងចំនោម​៥១​កៅអី​ក្នុង​សភា​។ សិង្ហ​បុរី​បានទទួល​ស្វ័យភាព​គ្រប់គ្រង​លើ​គ្រប់ផ្នែក លើកលែងតែ​វិស័យ​ការពារជាតិ​និង​ទំនាក់ទំនង​ការបរទេស​។ លោក លី ក្វាន់​យូ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​១​នៃ​រដ្ឋ​សិង្ហ​បុរី​នៅ​ថ្ងៃទី​៣ មិថុនា ១៩៥៩​។ បន្ទាប់ពី​ទទួលបាន​ស្វ័យភាព​ពី​អង់គ្លេស លោក​បាន​ជួប​បញ្ហា​ជាច្រើន​ដូចជា វិស័យ​អប់រំ ការផ្ដល់​ជំរក និង​ភាព​អត់​ការងារ​ធ្វើ​។ ដើម្បី​ឆ្លើយតប​នឹង​កង្វះ​ទី​ជំរក លោក​បាន​បង្កើតអោយមាន​គណៈកម្មាធិការ ផ្ដល់​ជំរក​និង​អភិវឌ្ឍន៍ (Housing and Development Board)​។ គណៈកម្មាធិការ​នេះ​ជា​ភ្នាក់ងារ​អនុវត្ត​កម្មវិធី​សាងសង់​ជំរក​សាធារណៈ ទ្រង់ទ្រាយ​ធំ ដើម្បី​កាត់បន្ថយ​កង្វះខាត​ផ្ទះសំបែង​។​
​ការរួមបញ្ចូល​ក្នុង​សហ​ព័​ន្ឋ​ម៉ា​ឡា​យ៉ា និង​ការ​បំបែក​ខ្លួន​វិញ (១៩៦៣​ដល់​១៩៦៥)
​ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ម៉ា​ឡា​យ៉ា លោក ទុក​គូ អាប់​ឌុល រ៉ា​ម៉ាន់ (Tunku Abdul Rahman) ស្នើអោយ​មានការ​បង្កើត​ជា​សហ​ព័​ន្ឋ​មួយ​ដែល​រួមមាន ម៉ា​ឡា​យ៉ា សិង្ហ​បុរី សា​បា និង សា​រ៉ា​វ៉ា​ក់ នៅ​ឆ្នាំ ១៩៦១, លោក លី ក្វាន់​យូ​បានចាប់ផ្ដើម​យុ​ទ្ឋ​នា​ការ​ក្នុង​ការច្របាច់បញ្ចូល​ជាមួយ​ ម៉ាឡេស៊ី នេះ ដើម្បី​បញ្ចប់​ជា​ស្ថាពរ​របប​អាណានិគម​អង់គ្លេស​។ ដើម្បី​បញ្ជាក់ថា​ប្រជាជន​គាំទ្រ​លោក លោក​បាន​ប្រើល​ទ្ឋ​ផល​នៃ​ការបោះឆ្នោត​ក្នុង​សមាជ​ឆ្នាំ​១៩៦២ ដែល​ពេលនោះ​លោក​ទទួលបាន​សំលេងគាំទ្រ ៧០%​។ តែ​លោក​បាន​ជួប​បញ្ហា​ជាមួយ​ពួក​កុំ​ម្មុយ​នី​ស​ដែល​ជំទាស់​យ៉ាង​ដាច់​ អហំការ​ចំពោះ សំនើ​នេះ​។​
​ សិង្ហ​បុរី​បាន​ចូល​ជា​ផ្នែក​មួយ​នៃ​សហ​ព័​ន្ឋ​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៩ កញ្ញា ១៩៦៣​។ ប៉ុន្តែ​ចាប់ពីពេលនោះ​មក មាន​ភាព​រកាំ​រកូត​ជាប់​ជានិច្ច​ស្ដីអំពី​តួនាទី​ជនជាតិ​ចិន​ក្នុង​វិស័យ​ នយោបាយ រហូតដល់​មាន​កុបកម្ម​និង​ការ​ប្រ​យុ​ទ្ឋ​គ្នា​នៅ​ឆ្នាំ​១៩៦៤ រវាង​ជនជាតិ​ចិន​និង​ម៉ា​ឡេ​។ កុបកម្ម​កើត​ឡើងជា​បន្តបន្ទាប់ ហើយ​ទំនិញ​ចេះតែ​ឡើងថ្លៃ​។ ដោយ​មិនអាច​ដោះស្រាយ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ​បាន លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​គឺ​លោក ទុក​គូ អាប់​ឌុល រ៉ា​ម៉ាន់ បានសំរេច​ចិត្ត​ដក​សិង្ហ​បុរី​ពី​សហ​ព័​ន្ឋ​។ លោក លី ក្វាន់​យូ​បាន​ចុះហត្ថលេខា​បំបែក​ខ្លួន​នៅ​ថ្ងៃទី ៧ សីហា ១៩៦៥ និង​បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​សិង្ហ​បុរី​-​ម៉ាឡេស៊ី នៅក្រោយ​ការ​បំបែក​ខ្លួន និង​ធានា​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​ការពារជាតិ ​។​
​ការបរាជ័យ​នៃ​ការច្របាច់បញ្ចូលគ្នា​ធ្វើអោយ​លោក លី ក្វាន់​យូ​មានការ​ខកចិត្ត​ជាខ្លាំង ព្រោះ​លោក​ជឿ​តាំងពីដើម​មក​ថា​ការ​បំបែក​ខ្លួន​នេះ​ជា​បញ្ហា​អាយុជីវិត​របស់ សិង្ហ​បុរី​។ នៅក្នុង​ស​ន្និសិទ​សារពត៌មាន​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម​កញ្ចក់ ទូរទស្សន៍ លោក​បាន​សំដែង​នូវ​អារម្មណ៍​នៃ​ការខកចិត្ត​យ៉ាងធ្ងន់ធ្ងរ​ក្នុងពេល​លោក ប្រកាស​ទៅ​ប្រជាជន​សិង្ហ​បុរី​អំពី​ការ​បំបែក​ខ្លួន​នោះ​។ ខាងក្រោម​នេះ​ជា​សំដី​របស់លោក​ក្នុង​ស​ន្និសិទ​នោះ​៖
«​សំរាប់​ខ្ញុំ នេះ​ជា​វេលា​ដ៏​ឈឺចាប់​ទាំង​ផ្លួ​វ​កាយ​និង​ផ្លូវចិត្ត​។ ក្នុង​មួយ​ឆាកជីវិត​របស់ខ្ញុំ ខ្ញុំ​តែង​ប៉ង​អោយមាន​ការរួបរួមរ​វាង​ដែនដី​ទាំង​២ …​ឥលូវ ខ្ញុំ​,​លី ក្វាន់​យូ នាយករដ្ឋមន្ត្រី​នៃ​សិង្ហ​បុរី សូម​ប្រកាស​ជា​ផ្លូវការ​ជួសមុខ​អោយ​ប្រជាជន​និង​រដ្ឋាភិបាល​សិង្ហ​បុរី​ថា ចាប់ពី​ថ្ងៃនេះ​គឺ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​១៩៦៥​ទៅ សិង្ហ​បុរី​នឹង​ក្លាយជា​ប្រជាជាតិ​ឯករាជ្យ​និង​ប្រជាធិបតេយ្យ​ជា​រៀងរហូត​។ ប្រជាជាតិ​នេះ​នឹង​ឈរលើ​គោលការណ៍​សេរីភាព​និង​យុត្តិធម៌ សំដៅ​ស្វែងរក​នូវ​សុខុមាលភាព​និង​សុភមង្គល ជូន​សង្គម​មួយ​ដែល​ប្រជាជន​គ្រប់រូប​មាន​សិទ្ឋិ​ស្មើគ្នា​យ៉ាងពិត​ប្រាកដ​។​ »
​នៅ​ថ្ងៃ​ដដែល រដ្ឋាភិបាល​ម៉ាឡេស៊ី​ក៏បាន​អនុម័ត​សំរេច​កាត់ផ្ដាច់​សិង្ហ​បុរី​ចេញពី ម៉ាឡេស៊ី ហើយ​សាធារណរដ្ឋ​សិង្ហ​បុរី​ក៏​ចាប់បដិសន្ធិ​ឡើង​។ បញ្ហា​កង្វះ​ធនធានធម្មជាតិ​របស់​សិង្ហ​បុរី តំរូវអោយ​សិង្ហ​បុរី​ពឹង​ផ្អែកលើ​ម៉ាឡេស៊ី​ស្ទើរ​ទាំងស្រុង ធ្វើអោយ​សមត្ថភាព​ការពារជាតិ​របស់​សិង្ហ​បុរី​មាន​កំរិត​។ នេះ​ជា​ឧបសគ្គ​ដ៏​ចំបង​ដែល លោក លី ក្វាន់​យូ និង រដ្ឋាភិបាល​សិង្ហ​បុរី ត្រូវ​ប្រឈមមុខ​។​
ជីវិត​ជា​នាយករដ្ឋមន្ត្រី ក្រោយ​ឯករាជ្យ (១៩៦៥​ដល់​១៩៩០)
​ នៅក្នុង​ជីវប្រវត្តិ​របស់លោក លី ក្វាន់​យូ​ បាន​ពោលថា​គាត់​មិនដែល​បាន​គេង​លក់​ស្រួល និង​បាន​ធ្លាក់ខ្លួន​ឈឺ​ជាច្រើន​ថ្ងៃ​ក្រោយពី​សិង្ហ​បុរី​បាន​ឯក​រាជ្យ​។ លោក​ចាប់ផ្ដើម ស្វែងរក​ការទទួលស្គាល់​ឯករាជ្យ​របស់​សិង្ហ​បុរី​ពី​ម​ជ្ឍ​ដ្ឋា​ន​ពិភពលោក​។ សិង្ហ​បុរី​បាន​ចូល​ជា​សមាជិក​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ថ្ងៃទី ២១ កញ្ញា ១៩៦៥ និង​បាន​ចូលរួម​ជាមួយ​ប្រទេស​៤​ទៀត​ក្នុង​ការបង្កើត​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍​នៅ​ថ្ងៃទី ៨ សីហា ១៩៦៧​។ លោក​បានធ្វើ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ឆ្នាំ​១៩៧៣ ធ្វើអោយ​ទំនាក់ទំនង​សិង្ហ​បុរី​និង​ឥណ្ឌូនេស៊ី​កាន់តែ​ប្រសើរឡើង​។​
​ សិង្ហ​បុរី​គ្មាន​វប្បធម៌​ជាធំ​ដុំ ហើយក៏​គ្មាន​ភាសា​រួម​ដែរ​។ តែ​ក្រោម​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល លោក​លី ក្វាន់​យូ បាន​ព្យាយាម​កសាង​នូវ​អត្ត​សញ្ញាណ​រួមគ្នា​មួយ​សំរាប់​ប្រជាជន​សិង្ហ​បុរី​។ លោក​និង​រដ្ឋាភិបាល​លោក បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ក្នុងការ​ប្រកាន់​គោលការណ៍​នៃការអនុ​គ្រោះ​ គ្នា​រវាង​សាសនា និង​ការចុះ​សំរុង​គ្នា​រវាង​ជាតិ​សាសន៍​នានា​។ រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ប្រើប្រាស់​ច្បាប់​ ប្រឆាំងនឹងអំពើ​ទាំង​ឡាយណា ដែល​ញុះញុង​អោយមាន​អំពើហិង្សា​រវាង​សាសនា​និង​ជាតិ​សាសន៍​។​
​ គោលនយោបាយ និង សេចក្ដីសំរេចចិត្ត​រដ្ឋបាល​ក្រោយ​ឯករាជ្យ​របស់លោក លី ក្វាន់​យូ​មាន​កង្វល់​សំខាន់ៗ​៣​គឺ សន្តិសុខ​ជាតិ បញ្ហា​សេដ្ឋកិច្ច និង បញ្ហា​សង្គម​។​
•​ ​សន្តិសុខ​ជាតិ​
​សិង្ហ​បុរី​ ស្ថិតនៅក្រោម​ការគំរាមកំហែង​យ៉ាងខ្លាំង​ពី​សំនាក់​ចលនា កុំ​ម្មុយ​នី​ស​នៅ​ឥណ្ឌូនេស៊ី និង​ចលនា​នៅ​ម៉ាឡេស៊ី​ក្នុងការ​ទាមទារ​យក​សិង្ហ​បុរី​មកវិញ​។ ក្រោយពី សិង្ហ​បុរី​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ លោក​បាន​ស្វែងរក​ការទទួលស្គាល់​ឯករាជ្យ​របស់​សិង្ហ​បុរី​ពី​សំនាក់ អន្តរជាតិ​។ លោក​បានប្រកាស​នូវ​គោលនយោបាយ​អព្យាក្រឹត​និង​មិន​ចូលបក្ស​ស​ម្ព័​ន្ឋ តាម​គំរូ​ប្រទេស​ស្វី​ស​។ នៅពេល​ជាមួយគ្នា​នោះ លោក​បាន​បញ្ជា​អោយ​លោក ហ្គោ​ស កេង​ស្វី (Goh Keng Swee) បង្កើត កងកំលាំងប្រដាប់អាវុធ​សិង្ហ​បុរី (Singapore Armed Forces) និង​បាន​សុំ​ជំនួយ​ពី​បរទេស​ផ្នែក​ប្រឹក្សា ហ្វឹកហ្វឺន និង​សំភារៈ​បរិក្ខារ​ផ្សេងៗ​។​
​ពេលដែល​ដឹងថា​អង់គ្លេស​មាន​ គោលបំនង​កាត់បន្ថយ​ទ័ព​ពី​សិង្ហ​បុរី​និង ម៉ាឡេស៊ី លោក លី និង ហ្គោ​ស បានដាក់​អោយមាន​ច្បាប់​កាតព្វកិច្ច​យោធា​។ រដ្ឋាភិបាល​បានចាប់ផ្ដើម​ទិញ​គ្រឿង​សព្វាវុធ​ដូចជា​រថក្រោះ​និង យន្ដហោះ​ចំបាំង និង​ហ្វឹកហាត់​អ្នកបើកបរ​យន្ដហោះ​ផ្ទាល់ខ្លួន​។ ក្រោយមក​សិង្ហ​បុរី​មា​នល​ទ្ឋ​ភាព​កសាង​ទំនាក់ទំនង​ផ្នែក​យោធា​ជាមួយ​បណ្ដា ប្រទេស​អាស៊ាន ផ្សេងទៀត​។ សិង្ហ​បុរី​មាន​ភាពរឹងមាំ​ក្នុងការ​ការពារជាតិ​ក្រោយពី​អង់គ្លេស​បាន​ដកទ័ព ចេញ​នៅ​ថ្ងៃទី ៣១ តុលា ១៩៧១​។​
•​ ​បញ្ហា​សេដ្ឋកិច្ច​
​ លោក លី ក្វាន់​យូ​បាន​នាំ​សិង្ហ​បុរី​ឆ្ពោះទៅរក​ឧស្សាហ​នីយកម្ម​។ នៅ​ឆ្នាំ ១៩៦១ គណៈកម្មាធិការ​អភិវឌ្ឍ​សេដ្ឋកិច្ច (the Economic Development Board) ត្រូវបាន​បង្កើត​ក្នុង​នាទី​ទាក់ទាញ​វិនិយោគទុន​បរទេស ដែល​អាច​ផ្ដល់​ចំនូល​ព​ន្ឋ​ជូន​រដ្ឋ ក៏ដូចជា​ផ្ដល់​ការងារ​ដល់​កំលាំង​ពលកម្ម​មាន​ជំនាញ​ខ្ពស់ មាន​វិន័យ តែ​យក​ប្រាក់ខែ​ទាប​។ រដ្ឋាភិបាល​បាន​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទំនើបៗ​ដូចជា​អាកាស​យាន្ត​ ដ្ឋា​ន កំពង់ផែ ផ្លូវថ្នល់ និង​បណ្ដាញ​ទូរគមនាគមន៍​ជាដើម​។ គណៈកម្មាធិការ ជំរុញ​វិស័យ​ទេសចរណ៍​សិង្ហ​បុរី (the Singapore Tourists Promotion Board) ត្រូវបាន​បង្កើត​ក្នុង​នាទី​ជំរុញ​វិស័យ​ទេសចរណ៍ ដែល​ក្រោយមក​បាន​បង្កើត​ការងារ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ និង​ចំនូល​ថវិការ​ជាតិ​យ៉ាង​សំបើម​។ រដ្ឋាភិបាល​សំរេចបាន​ការកាត់បន្ថយ​អត្រា​នៃ​អ្នក​អត់​ការងារ​ធ្វើ​ពី ១៤%​ក្នុង​ឆ្នាំ​១៩៦៥ មក​ត្រឹម​៤.៥%​ក្នុង​ឆ្នាំ​១៩៧៣​។ ទោះជា​យ៉ាងណាក៏ដោយ នៅមាន​បញ្ហា​មួយចំនួនទៀត​ដូចជា​មូលធន​ភាគច្រើន​ស្ថិតក្នុង​កណ្ដាប់ដៃ​ជន បរទេស​។​
•​ ​ការបង្កើត​ភាសាផ្លូវការ​
​ លោក​លី បន្ត​អោយប្រើ​ភាសា​អង់គ្លេស​រួមគ្នា​នៅ​កន្លែងធ្វើការ និង​ទំនាក់ទំនង​រវាង​ជាតិ​សាសន៍​ផ្សេងគ្នា​។ ជាមួយគ្នា​នោះ លោក​ក៏​ទទួល​ស្គាល់​​ភាសា​ម៉ា​ឡេ ភាសា​ចិន និង ភាសា​តា​មិ​ល ថា​ជា​ភាសាផ្លូវការ​ទាំង​៣​ផ្សេងទៀត​។ សាលា​សាធារណៈ​ទាំងអស់​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ភាសា​យាន​ក្នុងការ​អប់រំ ​។ តែ​ក៏មាន​មេរៀន​ជា​ភាសា​កំនើត​របស់​ពួកគេ​ដែរ​។​
​ លោក​លី ក្វាន់​យូ​មិន​គាំទ្រ​ការប្រើប្រាស់​ភាសា​ចិន​មិនមែន​កុក​ងឺ​ទេ (​ដូចជា​ភាសា​ចិន​ហុកគាន ចិន​ទាជីវ និង ចិន​កន្តាំង​) និង​ជំរុញអោយមាន​ការប្រើ​តែ​ភាសា​ចិន​កុក​ងឺ​ជា​ភាសា​កំនើត​សំរាប់​ជនជាតិ​ ចិន ដើម្បីអោយ​មាន​ឯកភាព​ភាសា​ក្នុង​ទំនាក់ទំនង​ក្នុង​សហគមន៍​ចិន​។ លោក​បានចាប់ផ្ដើម​យុ​ទ្ឋ​នា​ការនិយាយ​ភាសា​ចិន​កុក​ងឺ (Speak Mandarin Campaign) ជា​ផ្លូវការ​។ លោក​បាន​បំបិទ​កម្មវិធី​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ដែល​មិន​ប្រើ​ភាសា​ចិន​ កុក​ងឺ លើកលែងតែ​ពត៌មាន​និង​រឿង​ភាគ ដើម្បី​តំរូវ​ចិត្ត​ទូរទស្សនិកជន​ចំនាស់ៗ​។ តែ​ទោះជា​យ៉ាងណា​យុ​ទ្ឋ​នា​ការ​នេះ​ពិតជា​មាន​ប្រ​សិ​ទ្ឋ​ភាព​។ ចាប់តាំងពី​ពេលនោះ មក​យុវជន​ជនជាតិ​ចិន​សិង្ហ​បុរី​មិនអាច​និយាយ​ភាសា​ចិន​កំនើត​របស់ខ្លួន ដែល​មិនមែន​កុក​ងឺ​បានល្អ​ទេ​។ បន្តិច​ម្ដងៗ ពួកគេ​មានការ​ពិបាក​ក្នុងការ​ទំនាក់​ទំនងជា​មួយ​ជីដូន​ជីតា​របស់​ពួកគេ​។​
​ នៅ​ទសវត្សរ៍​ឆ្នាំ​៧០ និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ សាកលវិទ្យាល័យ​ណាន​យ៉ាង (Nanyang University)​ដែល​នៅពេលនោះ​ប្រើប្រាស់​ភាសា​ចិន​នៅឡើយ ជួបនឹង​បញ្ហា​ពិបាក​រក​ការងារ​ធ្វើ​ព្រោះ​ពួកគេ​ខ្សោយ​ភាសា​អង់គ្លេស​។ សា្ថ​ប័ន​សាធារណៈ​នានា​ត្រូវការ​តែ​កំលាំង​ពលកម្ម​ដែល​អាច​ប្រើប្រាស់ ភាសា​អង់គ្លេស ប៉ុណ្ណោះ​។ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក​លី ក្វាន់​យូ​បាន​ច្របាច់​បញ្ចូល​សាកលវិទ្យាល័យ​ណាន​យ៉ាង​ចូលក្នុង​ សាកលវិទ្យាល័យ សិង្ហ​បុរី និង​ដាក់ឈ្មោះ​ថ្មី​អោយ​ស្ថាប័ន​ទាំង​២​នេះ​ថា សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (National University of Singapore)​។ ចលនា​នេះ​ផ្ដល់​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សាស្ត្រាចារ្យ​និង​គ្រូ​ដែល​និយាយ ភាសា​ចិន ដោយ​ពួកគេ​ត្រូវ​ប្ដូរ​មក​បង្រៀន​ជា​ភាសា​អង់គ្លេស​វិញ​។
•​ ​គោលនយោបាយ​រដ្ឋាភិបាល​
​ ដូច​បណ្ដា​ប្រទេស​មួយចំនួន​ដែរ សិង្ហ​បុរី​បាន​ជៀស​ផុតពី​ជំងឺ​ពុករលួយ​។ លោក លី ក្វាន់​យូ​បានដឹង​យ៉ាងច្បាស់​ថា​អំពើពុករលួយ​ពិតជា​ធ្វើអោយ​ប្រទេសជាតិ អន្តរាយ តួយ៉ាង​ដូចជា​រដ្ឋាភិបាល​អ្នក​ជាតិនិយម​នៅ​ប្រទេស​ចិន​ជាដើម​។ លោក​បាន​បង្កើត​ច្បាប់​ដែល​ផ្ដល់​អំនាច​ដ៏​ខ្លាំង​ដល់ ការិយាល័យ ស៊ើបអង្កេត​អំពើពុករលួយ (Corrupt Practices Investigation Bureau) ក្នុងការ​ឃាត់ខ្លួន ស្វែងរក ហៅ​សាក្សី និង​ស៊ើបអង្កេត​គណនី​ធនាគារ និង​ព​ន្ឋ​ពី​ចំនូល​របស់​បុគ្គល​និង​គ្រួសារ​ដែល​គេ​សង្ស័យថា​បាន ប្រព្រឹត្ត​អំពើពុករលួយ​។ ដោយមាន​ការគាំទ្រ​ពី​លោក លី ក្វាន់​យូ ការិយាល័យ​នេះ​មានអំនាច​ស៊ើបអង្កេត​លើ​មន្ត្រី​និង​រដ្ឋមន្ត្រី​ទាំងអស់​។ គេ​បាន​រកឃើញ​រដ្ឋមន្ត្រី​ជាច្រើន​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ​។ លោក​ជឿថា​រដ្ឋមន្ត្រី​ទាំងអស់​គួរតែមាន​ប្រាក់ខែ​សមរម្យ ដើម្បីអោយ​ពួកគេ​ស្អាតស្អំ​និង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​។ នៅ​ឆ្នាំ​១៩៩៤ លោក​បានស្នើ​តំលើង​ប្រាក់ខែ​ដល់​រដ្ឋមន្ត្រី ចៅក្រម និង​មន្ត្រីរាជការ​កំពូលៗ អោយមាន​ប្រាក់ខែ​ស្មើនឹង​អ្នក​អាជីព (professionals) កំពូលៗ​ក្នុង​វិស័យ​ឯកជន​ដែរ​។ លោក​អះអាងថា​ការធ្វើ​បែបនេះ​នឹង​ទាក់ទាញ​អ្នកមាន​ទេពកោសល្យ​ពិតប្រាកដ អោយចូល​បំរើ​ការងារ​រដ្ឋ​បាន​។​
​នៅក្នុង​ទសវត្សរ៍​៦០ ដោយ​ភ័យខ្លាច​ថា​កំនើនប្រជាជន​អាចជា​ឧបសគ្គ​ដល់​ការរីកចំរើន​សេដ្ឋកិច្ច​, លោក​លី ក្វាន់​យូ​បាន​បើក​យុ​ទ្ឋ​នា​ការ​ផែនការ​គ្រួសារ​ដែល​តំរូវអោយ​មានកូន​ត្រឹម តែ​២​នាក់​។ គូ​ស្វាមីភរិយា​នានា​ត្រូវបាន​គេ​លើកទឹកចិត្ត​អោយ​ពន្យា​កំនើត​បន្ទាប់ពី​ មាន កូន​លើក​ទី​២​។ កូន​ទី​៣​និង​ទី​៤​ត្រូវបាន​គេ​ផ្ដល់​អាទិភាព​ទាប​ជាង​ក្នុង​វិស័យ​អប់រំ ហើយ​គ្រួសារ​បែប​នោះ​ទទួលបាន​ប្រាក់​សំនង​ព​ន្ឋ (tax rebates) តិចជាង​គ្រួសារ​ធម្មតា​។​
​ នៅ​ឆ្នាំ ១៩៨៣ លោក​លី ក្វាន់​យូ​បាន​បង្កើត​កិច្ចពិភាក្សា​ទ្រង់ទ្រាយ​ធំ​អំពី​ការ​រៀបការ (the Great Marriage Debate) ដែល​នៅពេលនោះ លោក​បាន​ជំរុញ​អោយ​បុរសៗ​យក​ភរិយា​ដែលមាន​ការសិក្សា​ខ្ពស់​។ លោក​មានការ​បារម្ភ​អំពី​កំនើន​ស្ត្រី​ដែល​រៀនសូត្រ​ជ្រៅជ្រះ​តែ​មិន​រៀបការ​ ។ ទស្សនៈ​នេះ​បានធ្វើអោយ​ម​ជ្ឍ​ដ្ឋា​ន​ស្ត្រី​ចប់​ឧ​ត្ត​ម​សិក្សា​មានការ​ ខកចិត្ត​។ ទោះជា​យ៉ាងណាក៏ដោយ អង្គភាព​អភិវឌ្ឍ​សង្គម (Social Development Unit) ត្រូវបាន​បង្កើត​ដើម្បី​ធ្វើ​មេអណ្ដើក​ដល់​បុរស​និង ស្ត្រី​ដែល​បញ្ចប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​។ លោក​ក៏បានផ្ដល់​ការលើកទឹកចិត្ត​ដូចជា​សំនង​ព​ន្ឋ (tax rebates) អាទិភាព​សិក្សា និង ផ្ទះសំបែង​ដល់​ស្ត្រី​ជា​ម្ដាយ ដែល​បញ្ចប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​និង​មានកូន​លើសពី​២​នាក់​។ មកទល់​ចុង​ទសវត្សរ៍​៩០ អត្រាកំនើត​បាន​ធ្លាក់ចុះ​ទាប​រហូត​ធ្វើអោយ​រដ្ឋាភិបាល​លោក ហ្គោ​ស ចុក​តុង (​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក លី ក្វាន់​យូ​) មាន​ល​ទ្ឋ​ភាព​ពង្រីក​ការលើកទឹកចិត្ត​នេះ​ដល់​ស្ត្រី​ដែល​រៀបការ​ទាំងអស់ និង​បាន​បន្ថែម​អោយមាន ប្រាក់​លើកទឹកចិត្ត​បន្ថែម​ពេល​មានកូន (Baby bonus)​។​
តំណែង​ជា​ទេសរដ្ឋមន្ត្រី (Senior Minister) (១៩៩០​ដល់​២០០៤)
​ បន្ទាប់ពី​នាំ PAP អោយទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​៧​ដង​រួចមក លោក លី ក្វាន់​យូ​បាន​ចុះ​ចេញពី​តំនែង​នៅ​ថ្ងៃទី ២៨ វិច្ឆិកា ១៩៩០ និង​ប្រគល់​តំនែង​នាយករដ្ឋមន្ត្រី​បន្ត​អោយ​លោក​ហ្គោ​ស ចុក​តុង​។ លោក លី ក្វាន់​យូ​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំនែង​យូរ​ជាងគេ​នៅ លើ​ពិភពលោក​។ ការផ្ទេរ​តំនែង​នេះ​បញ្ជាក់​ពី​ការផ្ទេរអំនាច​ដល់​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ ហើយ​អ្នកដឹកនាំ​មុនៗ​ក៏​ចូលនិវត្តន៍​។ លោក លី ក្វាន់​យូ​ចុះ​ចេញពី​តំនែង​ដោយមាន​សុខភាព​នៅតែ​រឹងមាំ​និង​មាន​សតិបញ្ញា រហ័សរហួន​។ លោក​បាន​ដកខ្លួន​ឆ្ងាយ​ពី​មេដឹកនាំ​អាស៊ី​ដទៃទៀត​ដូចជា ម៉ៅ សេទុង​, ស៊ូ​ហារ​តូ​, ហ្វើ​ឌី​ណាន់ ម៉ារ​កូ​ស និង នេ វីន ជាដើម​។​
​ពេល​ លោក ហ្គោ​ស ចុក​តុង​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​ក៏ដោយ លោក លី ក្វាន់​យូ​នៅតែមាន​តំនែង​ក្នុង​គណរដ្ឋមន្ត្រី ក្នុងឋានៈ​ជា​ទេសរដ្ឋមន្ត្រី មាន​នាទី​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​។ នៅ​ចំពោះមុខ​សាធារណជន​លោក លី ក្វាន់​យូ ហៅ​លោក​ហ្គោ ចុង​តុង ថា «​នាយករដ្ឋមន្ត្រី​របស់​ខ្ញុំ​» ជាការ​គោរព​ដល់​អាជ្ញា​ធម៌​លោក​ហ្គោ​ស ចុក​តុង​។ យោបល់​របស់លោក លី ក្វាន់​យូ នៅតែមាន​ឥ​ទ្ឋិ​ពល​ចំពោះ​សាធារណជន​និង​គណរដ្ឋមន្ត្រី​។ លោក​ត្រៀមខ្លួន​ជានិច្ច​នៅពេលដែល​ប្រទេសជាតិ​ត្រូវការ​លោក ដូច​កាល​លោក​មានប្រសាសន៍​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ (National Day) ឆ្នាំ ១៩៨៨​ថា​៖ «​ទោះបីជា​ខ្ញុំ ធ្លាក់ខ្លួន​ឈឺ និង​រៀប​ចូល​ម​ជ្ឈូ​ស​ក៏ដោយ ខ្ញុំ​នឹង​ងើបឡើង​វិញ​បើ​ខ្ញុំ​មាន​អារម្មណ៍​ថា​ប្រទេសជាតិ​ខ្ញុំ​ជួប​បញ្ហា ​»​។​
​លោក​បាន​ចុះ​ចេញពី​តំនែង​ជា​អគ្គលេខាធិការ​របស់ PAP និង​បន្ត​តំនែង​នេះ​អោយ​លោក ហ្គោ​ស ចុក​តុង នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៩២​។ លោក​បាន​ដកខ្លួន​ថយ​ឈប់​ប្រលូក​ទំនាក់ទំនង​ផ្លូវរដ្ឋ​ជាមួយ​រដ្ឋាភិបាល នានា​នៅ អាស៊ាន ដើម្បី​កុំអោយ​មានការ​ខ្វែងគ្នា​ជាមួយ​អ្នក​បន្ត​តំនែង​ពី​លោក គឺ​លោក ហ្គោ​ស ចុក​តុង​។​
តំណែង​ជា​រដ្ឋមន្ត្រី​គំរូ (Minister Mentor) (​ពី​ឆ្នាំ​២០០៤​ដល់​បច្ចុប្បន្ន​)
​ នៅ​ថ្ងៃទី​១២ សីហា ២០០៤ លោក ហ្គោ​ស ចុក​តុង​បាន​ផ្ទេរតំនែង​ដល់​កូនប្រុស​ច្បង​របស់លោក លី ក្វាន់​យូ គឺ​លោក លី សៀន​លូ​ង​។ លោក ហ្គោ​ស ចុក​តុង​បាន​ក្លាយជា​ទេសរដ្ឋមន្ត្រី ហើយ​លោក​លី ក្វាន់​យូ​បានទទួល​តំនែង​ថ្មី​ជា​រដ្ឋមន្ត្រី​គំរូ​ដែលមាន​នាទី​ផ្ទេរ​បទ ពិសោធន៍​ដល់​អ្នកដឹកនាំ​វ័យក្មេង​។​
​ ទាក់ទិន​នឹង​បញ្ហា​ច្បាប់​ស្ដីអំពី​ល្បែងស៊ីសង លោក លី ក្វាន់​យូ​ពោលថា ខ្លួន​លោក​ផ្ទាល់​ជំទាស់​ទាំងស្រុង​នឹង​ល្បែងស៊ីសង​។ ប៉ុន្តែ​លោក​មិន​បាន​​ជំទាស់​នឹង​សំនើ របស់​កូនប្រុស​លោក​ក្នុងការ​អនុញ្ញាត​អោយមាន​បន​ល្បែង (Casino) នៅក្នុង​ប្រទេស​ទេ ដោយបាន​ពោលថា «​ការអោយ​មាន​ឬ​គ្មាន​បន​ល្បែង​ជា​អ្វីដែល អ្នកដឹកនាំ​ថ្មី​ត្រូវ​សំរេចចិត្ត​»​។​
​ ថ្មីៗ​នេះ​លោក​បានបង្ហាញ​ពី​ការបារម្ភ​ពី​ការធ្លាក់ចុះ​សមត្ថភាព​ប្រើ ភាសា​ចិន​របស់​ក្មេង​សិង្ហ​បុរី​ជំនាន់​ក្រោយ​។ នៅក្នុង​សន្ទរកថា​មួយ​ក្នុង​សភា លោក​បាន​ថ្លែងថា «​ជនជាតិ សិង្ហ​បុរី​ត្រូវតែ​រៀន​ប្រើ​ទាំង​ភាសា​អង់គ្លេស​និង​ភាសា​ចិន​កុក​ងឺ​ អោយបានច្បាស់លាស់​»​។ លោក​បាន​ បង្កើតអោយ​មាន​​កម្មវិធី​ទូរទស្សន៍​មួយ​នៅ​ឆ្នាំ​២០០៥ ដើម្បី​ទាក់ទាញ​ទស្សនិកជន​ក្មេងៗ​អោយ​រៀន​ភាសា​ចិន​កុក​ងឺ​។​
​ នៅ​ខែមិថុនា​២០០៥ លោក​បាន​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​ឈ្មោះ Keeping My Mandarin Alive (​រក្សា​ភាសា​ចិន​កុក​ងឺ​របស់ខ្ញុំ​អោយមាន​ជីវិត​តទៅទៀត​) ដែល​បរិយាយ​អំពី​ការព្យាយាម​ជាច្រើន​ទសវត្សរ៍​របស់លោក​ក្នុង​ការរៀន​ភាសា​ ចិន កុក​ងឺ​អោយបាន​ច្បាស់លាស់​។ លោក​បាន​ពោលថា «…​ដោយសារ​ខ្ញុំ​មិនបាន​ប្រើ​វា​ច្រើន ភាសា​នេះ​បាន​រលុប​ពី​ខួរក្បាល​ខ្ញុំ​ជា​បណ្ដើរៗ​។ ហេតុនេះ​ខ្ញុំ​ត្រូវតែ​ស្រោចស្រង់​វា​ឡើងវិញ​។ នេះ​ជា​បញ្ហា​ដ៏​លំបាក​ព្រោះ​ការរៀន​វា​ពេលដែល​អ្នកធំ​ហើយ វា​ខុសពី​កាលពី​ក្មេង​។​»
​ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CCTV​នៅ​ថ្ងៃទី​១២ កក្កដា ២០០៥ លោក​បាន​សង្កត់ធ្ងន់​អំពី​ការ​អោយមាន​អ្នកមាន​ទេពកោសល្យ​បន្ត​ក្នុងការ ដឹកនាំ​ប្រទេស ដោយមាន​ប្រសាសន៍ថា​៖«​យើង​ត្រូវ​ចេះ​រក​ការងារ​និង សកម្មភាព​ដែល​ត្រូវ​នឹង​ខ្លួន​យើង​នៅក្នុង​ពិភព​មួយ​ផ្សេងទៀត​។ នៅ​គ្រប់​ជ្រុង​នៃ​ពិភពលោក មិន​ខ្វល់​ថា​ខ្លួន​យើង​តូច​ក៏ដោយ យើង​ត្រូវតែ​អាចធ្វើ​ការងារ​មួយ​ដែលមាន​ប្រយោជន៍​ដល់​ពិភពលោក​។ ដើម្បី​សំរេច​ការងារ​នេះ​បាន យើង​ត្រូវការ​ជា​ចំ​បាច់​នូវ​អ្នកដឹកនាំ​សំរាប់​សំរេចចិត្ត​និង​មាន​ទ ស្សន​វិស័យ​ល្អ មាន​ប្រាជ្ញា និង​មានការ​បើកចំហរ​ចំពោះ​គំនិត​ថ្មីៗ និង​ជា​បុគ្គល​ដែល​អាច​ផ្ដល់ឱកាស​អោយ​ពួកយើង​អាចធ្វើ​វា​បាន​។ ការងារ​របស់ខ្ញុំ​គឺ​ស្វែងរក​អ្នក​បន្ត​តំនែង​ពី​ខ្ញុំ​។ ខ្ញុំ​រក​ពួកគេ​ឃើញ​ហើយ​។ ពួកគេ​នៅ​ទីនោះ​។ ពួកគេ​ក៏ត្រូវ​រក​អ្នក​បន្ត​តំនែង​របស់​ពួកគេ​ដែរ​។ ហេតុនេះ​នឹងមាន​ការបន្ត​អំនាច​ទៅអោយ​បុគ្គល​មាន​ទេ​ព្យ​កោសល្យ មានការ​ប្ដេជ្ញាចិត្ត ស្មោះត្រង់ និង​មាន​សមត្ថភាព​ធ្វើ​អ្វីៗ​មិនមែន​បំរើអោយ​ផលប្រយោជន៍​ផ្ទាល់ខ្លួន តែ​អោយ​ផលប្រយោជន៍​ប្រជាជន​និង​ប្រទេសជាតិ​។ បើ​យើង​អាចធ្វើ​ការងារ​នេះ​បាន យើង​នឹង​អាច​បន្ត​វា​ទៅ​ជំនាន់​ក្រោយៗ​ទៀត​។ ពេលវេលា​នៃ​ការបែកបាក់​គ្នា វា​បានបញ្ចប់​ទៅហើយ​»​។​
មរតក​និង​ការចងចាំ​
​ ក្នុង​រយៈពេល​៣​ទសវត្សរ៍​ក្រោម​ការដឹកនាំ​របស់លោក​លី ក្វាន់​យូ សិង្ហ​បុរី​បានប្រែក្លាយ​ខ្លួន​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​មកជា​ប្រទេស​ អភិវឌ្ឍ ឈានមុខ​គេ​មួយ​នៅ​អាស៊ី ទោះជា​ប្រទេស​នេះ​មាន​ប្រជាជន​តិច ផ្ទៃដី​តូច​និង​កង្វះខាត​ធនធានធម្មជាតិ​ក៏ដោយ​។ លោក លី ក្វាន់​យូ​តែង​ពោល​ជារឿយៗ​ថា ធនធាន ធម្មជាតិ​តែមួយគត់ របស់​សិង្ហ​បុរី​គឺ​ប្រជាជន​សិង្ហ​បុរី និង សីលធម៌​ការងារ​រឹងមាំ​របស់​វា​។ លោក​ត្រូវបាន​ប្រជាជន​សិង្ហ​បុរី​ជាពិសេស​មនុស្ស​ជំនាន់​មុន​ភាគច្រើន​គោរព និង​ចងចាំ​នូវ​ការ ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់លោក​ក្នុងសម័យ​ទទួលបាន​ឯករាជ្យ​និង​ពេល​ ផ្ដាច់ខ្លួន ពី​ម៉ាឡេស៊ី​។ លោក​ត្រូវបាន​គេ​អោយ​តំលៃ​ជា​ស្ថាបនិក​នៃ​វិបុលភាព​សិង្ហ​បុរី​បច្ចុប្បន្ន ទោះជា​វា​ជា​ស្នាដៃ​រួមជាមួយ​អនុនាយក​រដ្ឋមន្ត្រី លោក ហ្គោ​ស កេង​ស្វី ដែល​ទទួលបន្ទុក​ផ្នែក​សេដ្ឋកិច្ច​ក៏ដោយ​។​
​លោក លី ក្វាន់​យូ​បាន​សរសេរ​សៀវភៅ​២​ក្បាល​អំពី​បទពិសោធន៍​របស់​លោក​៖
•​ ​The Singapore Story (ISBN 0-13-020803-5) (​រឿងរ៉ាវ​របស់​សិង្ហ​បុរី​)៖ រៀបរាប់​អំពី​ទស្សនៈ​ផ្ទាល់ខ្លួន​របស់លោក អំពី​ប្រវត្តិសាស្ត្រ​សិង្ហ​បុរី​មុនពេល​ផ្ដាច់ខ្លួន​ពី​ម៉ាឡេស៊ី នៅ​ឆ្នាំ ១៩៦៥
•​ ​From Third Wolrd to First: The Singapore Story (ISBN 0060197765) (​ពី​ប្រទេស​ត​តី​យ​លោក​មកជា​ប្រទេស​រីកចំរើន​៖ រឿង​រ៉ា​យ​របស់​សិង្ហ​បុរី​) ៖ និយាយ​អំពី​ការរួមចំនែក​របស់លោក​ក្នុងការ​ប្រែក្លាយ​ប្រទេស​សិង្ហ​បុរី​ជា ប្រទេស​អភិវឌ្ឍ​៕​
អត្ថបទនេះដកស្រង់​ពី វី​គី​ភី​ឌា​ភាសាខ្មែរ
6:31 PM