Veasna Khem
អនុស្សាវរីយ៍ផ្អែមល្ហែមនិងជូរចត់ភាគច្រើនកើតក្នុងគ្រាដែលក្រលំបាកតឹងតែងនៃជីវិត។មិត្តភាពដែលស្មោះត្រង់ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅទាំងឡាយគឺភាគច្រើនណាស់ បានកើតឡើងក្នុងស្ថានភាពដែលយើងកំពុងតែស្ថិតនៅក្នុងភាពលំបាកយ៉ាប់យឺុន ហើយអនុស្សាវរីយ៍ល្វីងជូរចត់ក៏ដូចគ្នាដែរ ភាគច្រើនគឺកើតមានក្នុងពេលដែលយើងកំពុងស្ថិតក្នុងស្ថានភាពក្រខ្សត់ លំបាកលំបិនទាល់មុខទាល់ក្រោយឬកំពុងឯកោនោះឯង ដូចពាក្យខ្មែរយើងថា ស្គាល់មិត្តក្នុងគ្រាក្រនោះណា។ ក្នុងពេលយើងសប្បាយមានទ្រព្យ មានមុខមានមាត់ នោះយើងពិតជាពិបាកកំនត់អោយបានច្បាស់១០០%នូវមិត្តភាពដ៏ស្មោះត្រង់ណាស់។ ពេលអ្នកមានបានមានមុខមានមាត់ នោះពិភពលោកទាំងមូលនឹងស្គាល់ថាអ្នកជាអ្នកណា តែពេលអ្នកធ្លាក់ខ្លួនក្រឬជួបស្ថានភាពលំបាកណាមួយដែលអ្នកដទៃអស់សង្ឃឹមទៅលើអ្នកហើយ ពេលនោះអ្នកនឹងស្គាល់ថា ខ្លួនអ្នកជាអ្នកណា និងស្គាល់មនុស្សទាំងអស់ថាអ្នកណាជាអ្នកណា។ មិត្តពិតប្រាកដគឺជាវិញ្ញណមួយនៅក្នុងរូបកាយពីរ មានន័យថា ម្នាក់មានបញ្ហាអី ម្នាក់ទៀតក៏ឈឺដែរ ជួនកាលម្នាក់មានរឿងអីពិបាកនៅក្នុងខ្លួនមិនអាចនិយាយចេញបាន ម្នាក់ទៀតទោះមិនបានឮមិត្តរបស់ខ្លួននិយាយអីចេញមកក្រៅ ប៉ុន្តែមិត្តពិតប្រាកដនៅតែអាចយល់ចិត្ត យល់ទុក្ខលំបាករបស់មិត្តបាន។នេះហើយមិត្តពិត។ ច្រើនលើកច្រើនសារណាស់ក្នុងជីវិតមនុស្ស មានការពឹងពាក់អ្នកដទៃរឿងលុយកាក់ ហើយបានសន្យាសងវិញនៅពេលកំណត់ណាមួយ តែក៏ច្រើនដងច្រើនលើកច្រើនសារដែរ ដែលយើងជាមនុស្សត្រឹមត្រូវមិនបានធ្វើតាមពាក្យសន្យានោះ។ ចំពោះអ្នកដែលយើងខ្ចីលុយគេៗចាំតែមើលយើងទេ តើយើងនឹងធ្វើដូចដែលបានសន្យាដែរឬទេ? មិនមែនមានតែហេតុផលបោកតែម្យ៉ាងទេ ដែលមនុស្សម្នាក់បានខ្ចីលុយគេហើយ មិនបានធ្វើតាមសន្យាថាត្រូវសងគេវិញយ៉ាងណា និងសងនៅពេលណានោះ។ ក្រៅពីហេតុផលបោកប្រាស់ នៅមានមានហេតុផលគួរអោយអនុគ្រោះសណ្តោសច្រើនរាប់រយកណីទៀតដែលមនុស្សល្អខកខានក្នុងការធ្វើអោយបានតាមការសន្យា។ គ្នាអាចទាល់ គ្នាអាចគ្រោងទៅមិនដូចការគិត មានបញ្ហាករណីចៃដន្យរាប់មិនអស់ដែលមនុស្សល្អមិនអាចធ្វើបានតាមការសន្យា ដោយសុទ្ធតែហេតុផលពិតមិនមែនបំភ្លៃ ហើយជាហេតុផលសមរម្យដែលនៅតែអាចរក្សាបាន នូវធាតុជាមនុស្សល្អរបស់អ្នកដែលមិនបានធ្វើតាមការសន្យារបស់ខ្លួននោះ។ ជួនកាលមនុស្សល្អនោះអាចបង្កើតជារឿងកុហកយើងទៀតផង តែនៅតែក្នុងហតុផលសមនឹងកុហកមែន ហើយនៅតែអាចទទួលយកការកុហកនោះបាន ជួលកាលខ្លោចផ្សានឹងការកុហករបស់មនុស្សនោះទៀតផង។ ក្នុងករណីនេះ មនុស្សដែលយើងបានសន្យាតាំងចាប់ផ្តើមគិតថាយើងបោកប្រាស់គេ មិនគោរពតាមការសន្យា រួចតាំងដើរនិយាយពីមាត់មួយទៅមាត់មួយ។ យើងដឹងច្បាស់ពីខ្លួនយើងថាយើងគ្មានបំណងបោកទេ យើងពិតជាជួបការលំបាកដោយស្មានមិនដល់ឬខុសពីការគិតរំពឹងទុកបានជាយើងខកខានមិនបានធ្វើតាមការសន្យារបស់ខ្លួន ។ ពេលឮអ្នកមានគុណយើងនិយាយអាក្រក់ពីយើង មួលចេតនាយើង យើងពិតជាឈឺចាប់ណាស់ ហួសចិត្តណាស់ តូចចិត្តណាស់ តែពិបាករកអីទៅបកស្រាយអោយគេយល់ណាស់ ហើយក៏ខ្មាស់អៀនណាស់ មិនចង់នឹកដល់រឿងនេះទេ វាគឺជាពេលវេលាដ៏សែនឈឺចាប់នៃជីវិត ព្រោះរាល់ការចោទប្រកាន់របស់ម្ចាស់បំណុលដែលជាមិត្តយើង វាខុសឆ្ងាយណាស់ពីេចតនារបស់យើង។ ឯណាទៅដែលថាមនុស្សល្អ ត្រូវតែវាយតំលៃមនុស្សតាមចេតនារបស់មនុស្សនោះ? យើងគ្មានចេតនាបោកប្រាស់ឬមិនគោរពតាមការសន្យានោះទេ តែពេលនោះយើងវាទាល់ តែគេមួលចេតនាថាយើងក្រឡិចក្រឡុចឬថាយើងអាក្រក់ជាងនេះទៅទៀតតាមតែចិត្តដែលគេខឹងយើង ហើយគេចង់ថា។ នេះហើយជាពេលវេលាដ៏ជូរចត់ក្នុងជីវិតបានមកដល់ គ្រាក្រ មកដល់អ្នកនឹងស្គាល់មិត្តពិតហើយ។ អ្នកខ្លះនិយាយថា បើទាល់ បើមានបញ្ហាអីម្តេចមិនមកបកស្រាយពន្យល់គេជាម្ចាស់បំណុល? បើគេយល់រឿងពិតម្លេះគេអាចអនុគ្រោះដល់យើងបាត់ទៅហើយ គេចង់និយាយថាយើងខុសត្រង់មិនបានប្រាប់ការពិតដល់គេ។ ឯណាដែលគេថា មិត្តពិតប្រាកដគឺជាវិញ្ញណពីរនៅក្នុងរូបកាយតែមួយនោះ? រឿងខ្លះវាពិបាកនឹងនិយាយណាស់ យើងសំគាល់ថាគេជាមិត្តយើង ច្បាស់ជាគេអាចយល់ពីយើងបាត់ទៅហើយ ទោះបីយើងមិនបាននិយាយនូវទុក្ខលំបាកនោះចេញមកក្រៅ បើអ្នកដទៃម្លេះយើងនឹងទៅជួបដើម្បីបរិយាយបាត់ទៅហើយ តែនេះយើងគិតថាគេជាមិត្តយើង។ យើងគុំក្នុងចិត្តចាំតែមានលទ្ធភាពសងបំណុលគេ យើងនឹងរៀបរាប់អោយអស់ពីិចិត្តយើងក្នុងគ្រាដ៏លំបាកនោះ។ យើងឈឺគេមិនឈឺទេ យើងលំបាកគេមិនលំបាកជាមួយយើងទេ យើងមិននិយាយគេមិនយល់ពីយើងទេ ថែមទាំងគេជាន់កយើងថែមទៀតក្នុងគ្រាដ៏លំបាកនេះ គេបំផ្លើស គេបំប៉ោងហួសរឿងពិតដែលមានក្នុងខ្លួនយើង។ តើគេជាមិត្តយើងទេ? ជួនកាលគេថា គេលំបាកដែរ គេមានបញ្ហាធ្ងន់ធ្ងររបស់គេដែរ ដូច្នេះគេត្រូវតែជំរិតយើងហើយ ព្រោះយើងជាអ្នកសន្យា យើងជាអ្នកបង្ករអោយក្រុមគ្រួសារគេមានបញ្ហាព្រោះតែយើងមិនបានគោរពពាក្យសន្យារបស់ខ្លួននេះ គេខំជួយយើងតែយើងបែរជាអោយទោសនាំទុក្ខដល់គេទៅវិញ។ ឱលោកអើយ គេមានបញ្ហាគេត្រូវតែយករួចខ្លួន អោយយើងយ៉ាងម៉េចក៏យ៉ាងនោះទៅ នេះឬជាមិត្តពិត។ មិត្តពិតយើងឈឺមិត្តឈឺ យើងលំបាកមិត្តក៏លំបាក ដូចមនុស្សមានជីវិតតែមួយ។ បើមិត្តពិត ទោះមានរឿងអីកើតមានចំពោះខ្លួនគេ ដែលអោយយើងខ្ចីនោះក៏ដោយ ក៏គេសុខចិត្តលេបការឈឺចាប់ ព្រោះការឈឺរបស់មិត្ត គេក៏ឈឺដែរ បើយើងសង្កត់មិត្តអោយតែបានរួចខ្លួនយើង ដោយសំអាងថា គឺយើងជាអ្នកខុស អ្នកបង្កររឿងនេះឡើង តើឯណាទៅពាក្យថាការលះបង់ដើម្បីមិត្តនោះ? បើជាមិត្តល្អ នេះជាពេលវេលាដ៏ល្អសំរាប់សាងអនុស្សាវរីយ៍ផ្អែមល្អែមដល់មិត្តភាពយើងហើយ។ ចង់បានមិត្តស្លាប់រស់ ត្រូវតែមានការផ្តល់អោយដោយមនោសញ្ចេតនាជ្រាលជ្រៅ និងស្មោះត្រង់ចំពោះមិត្ត ជាពិសេសក្នុងគ្រាក្រលំបាកនេះឯង។ អនុស្សាវរីយ៍បែបនេះមានតំលៃ និងដក់ជ្រៅណាស់ក្នុងបេះដូងមិត្តណាស់ តែលោកអើយមិនងាយនឹងមានមិត្តចិត្តបែបនេះទេ។ អ្នកខ្លះគេនិយាយថា យើងមិនដែលបានសាងអនុស្សាវរីយ៍ល្អដោយការលះបង់ចំពោះគេផង តើអោយគេល្អនឹងយើងយ៉ាងម៉េចបាន? បើគ្រប់គ្នាសុទ្ធតែចាំអោយគេធ្វើល្អដាក់ខ្លួនមុន បានខ្លួនមានការលះបង់ត្រឡប់ទៅវិញ តើអ្នកណានឹងផ្តើមមុនទៅ? បើគិតបែបនេះ ការលះបង់ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនឹងកើតមាននៅលើលោកនេះបានតាមរបៀបណាទៅ?ក្នុងករណីនេះ គ្រាន់តែដាក់ចិត្តមើលថាបុគ្គលនោះ ជាមនុស្សល្អ ជាមនុស្សមានតំលៃសមនឹងយើងលះបង់មុនដែរឬទេ តែប៉ុណ្ណោះបានហើយ ហើយចាប់ផ្តើមពីយើងមុនទៅ ព្រោះក្នុងស្ថានភាពនេះ គឺតំរូវអោយយើងចាប់ផ្តើមមុនហើយ បើថ្ងៃក្រោយ មនុស្សនោះមិនល្អដូចដែលយើងបានរំពឹងទុកនោះ ត្រូវប្រាប់ខ្លួនយើងថា យើងល្អនឹងគេ គេក្បត់យើងៗគ្រាន់តែឈឺចាប់ទេ តែបើយើងមិនចាប់ផ្តើមធ្វើមុននោះទេ ក្នុងជីវិតយើងដាច់ខាតរកមិនបានទេមិត្តភាពស្មោះត្រង់និងពេញដោយមនោសញ្ចេតនាក្នុងទំនាក់ទំនងរវាងយើងនិងមិត្តយើងនោះ។ ត្រង់នេះអ្នកត្រូវសួរចិត្តខ្លួនឯងថា តើក្នុងជីវិតអ្នកៗអោយតំលៃមិត្ភភាពស្មោះត្រង់ខ្ពស់ដល់កំរិតណា? បើក្នុងជីវិតអ្នកពិតជាត្រូវការមិត្តភាពស្មោះត្រង់ស្លាប់រស់ ទុកថាជាទ្រព្យមិនអាចខ្វះបានក្នុងជីវិតអ្នក នោះដាច់ខាតអ្នកមិនត្រូវទុកអោយឱកាសបែបនេះកន្លងផុតទៅទេ។ បើជីវិតអ្នកត្រូវការមិត្តស្លាប់រស់ប្រាកដមែន នោះចិត្តខ្លាចការលះបង់របស់អ្នកប៉ះលើមនុស្សខុស មិនអាចទប់ជាប់ចិត្តចង់ស្វែងរកមិត្តស្លាប់រស់នោះទេ គឺអ្នកលះបង់ដោយគ្មានចិត្តស្ទាក់ស្ទើរទេ ព្រោះមានតែផ្លូវមួយនេះទេដែលអ្នកអាចរកបានមិត្តស្លាប់រស់បាន គ្មានផ្លូវផ្សេងទៀតឡើយ។ រៀបរាប់មកដល់ចំណុច អ្នកប្រាកដជានឹងឃើញយ៉ាងច្បាស់ថា វេលាក្រលំបាកជាវេលាដែលងាយនឹងបង្កើតការឈឺចាប់បំផុតនៃជីវិត ហើយក៏ជាវេលាអាចនឹងសាងបាននូវអនុស្សាវរីយ៍ផ្អែមល្ហែមក្នុងជីវិតដែរ។ វាជារឿងគួរអោយឈឺចាប់លើសនេះទៅទៀត បើសិនណាជាការខ្ចីបុលរបស់យើងគឺដើម្បីយកមកធ្វើការប្រយោជន៍រួម មានជាអាទ៍ការងារបក្សជាដើម ដែលបុគ្គលដែលយើងខ្ចីគេនោះនិយាយថាគេស្រឡាញ់បក្សចាត់ទុកបក្សជាជីវិតរបស់គេទៅទៀតនោះ។ យើងលាក់បាំងទុក្ខលំបាកក្នងចិត្តដើម្បីកុំអោយមនុស្សក្នុងបក្សជុំវិញខ្លួនយើងដឹងហើយមានការលំបាក រឿងត្រឹមត្រូវវាគួរតែបានក្តីកោតគោរពចំពោះទឹកចិត្តយើងដែលស៊ូទុកបំណុលដើម្បីប្រយោជន៍រួមទាំងនោះជាបំណុលរបស់ខ្លួនតែម្នាក់ឯង តែមិនដូច្នេះទេ បែរបានមកវិញនូវការប្រមាថមាក់ងាយទៅវិញ។ នេះហើយជីវិត។។
18 hrs · Public