loading...
មានមនុស្សច្រើនណាស់ដែលនិយាយ​ ខ្ញុំសុខចិត្តទ្រាំឬសុខចិត្តលេបការឈឺចាប់គ្រប់យ៉ាងដើម្បីបានជាក្តីសុខដល់មនុស្សជាទីស្រឡាញ់ឬជាទីគោរពរបស់ខ្លួន។សូមអ្នកគិតឡើងវិញអំពីចិត្តមួយនេះ​ គឺចិត្តដែលអ្នកនិយាយថាជាចិត្តលះបង់នេះ។​ បើពិតជាការលះបង់ពិតប្រាកដមែន​ ដាច់ខាតត្រូវតែមានការពេញចិត្តនៅលាយឡំនឹងការឈឺចាប់នៃការបាត់បង់នោះដោយខានមិនបានឡើយ​ ជួនកាលគ្មានការឈឺចាប់ទាល់តែសោះ​ គឺមានតែការពេញចិត្ត​ ទោះបីការលះបង់នោះធំធេងយ៉ាងណាក៏ដោយ។​ ការលះបង់គឺដើម្បីអោយមនុស្សជាទីស្រឡាញ់ឬជាទីគោរពបានសប្បាយ​ បានក្តីសុខ​ ចុះបើខ្លួនអ្នកលះបង់មានការឈឺចាប់​ តើមនុស្សជាអ្នកទទួលបានការលះបង់របស់គេនោះ​ ជាមនុស្សប្រភេទណា​ទៅទើបចិត្តអាចមានក្តីសុខនៅពេលដែលអ្នកលះបង់អោយខ្លួនមានការឈឺចាប់នោះ?​ ការលះបង់គឺត្រូវផ្តល់ទៅអោយមនុស្សដែលមានតំលៃសមនឹងទទួលបាននូវការលះបង់នោះ​ បើពិតជាការលះបង់ពិតប្រាកដមែន​ ដាច់ខាតក្នុងការឈឺចាប់នៃការលះបង់មានការពេញចិត្តនៅក្នុងនោះដោយខានមិនបានឡើយ​ លះបង់តូច​ ការពេញចិត្តក៏តូចដែរ​ លះបង់ធំធេង​ ការពេញចិត្តក៏នឹងត្រូវតែមានទំហំធំធេងប៉ុណ្ណោះដែរ​ ជួនកាលការលះបង់រិតតែធំ​ ការឈឺចាប់ក្នុងចិត្តគ្មានទាល់តែសោះ​ ការសោកស្តាយគ្មានទាល់តែសោះ​ គឺមានតែការពេញចិត្តសុទ្ធសាធ​។ព្រោះតែមានតែការពេញចិត្តក្នុងការលះបង់នេះហើយ​ ទើបមនុស្សល្អ​ មនុស្សដែលមានតំលៃសមនឹងគេលះបង់អោយ​ មានចិត្តព្រមទទួលនូវការលះបង់ឬការបរិច្ចាកនោះ​ បើដឹងថាការលះបង់ឬការបរិច្ចាកនោះ​ មានការឈឺចាប់ដល់អ្នកលះបង់នោះ​ មនុស្សល្អទទួលយកការលះបង់នោះមិនកើតទេ​​ ព្រោះទទួលយកការលះបង់បានលុះត្រាតែយើងអ្នកទទួលក៏បានសុខបានសប្បាយហើយអ្នកលះបង់ឬអ្នកបរិច្ចាកក៏បានសប្បាយឬបានពេញចិត្តក្នុងការលះបង់ឬការបរិច្ចាកនោះដែរ។​ មនុស្សស្រីខ្លះ​ ពេលប្តីលួចផិក្បត់​ ដោយមានការឈឺចាប់ខ្លាំងពេកនាងក៏សំរេចចិត្តដើរចេញ។ការសំរេចចិត្តដើរចេញមិនមែនជារឿងខុសទេក្នុងករណីខ្លះ​ ប៉ុន្តែសូមកុំយល់ច្រឡំថានោះជាការលះបង់ប្តីអោយទៅនាងប្រពន្ធក្រោយអោយសោះ​ ព្រោះថាបើជាការលះបង់ពិតប្រាកដនាងត្រូវតែមានការពេញចិត្តនឹងផ្តល់អោយប្តីនូវក្តីសុខមួយ​ បើប្តីនាងជាមនុស្សល្អតើគេអាចបានសុខនឹងការឈឺចាប់របស់នាងយ៉ាងណាទៅកើត​ មិនមែនជាការលះបង់ទេ​ តែវាជាទណ្ឌកម្មដែលនាងដាក់អោយប្តីដែលបានផិតក្បត់នោះទៅវិញទេ​ តែបើប្តីនោះសប្បាយចិត្តនឹងការចាកចេញរបស់ប្រពន្ធដើម​ នាងសួរខ្លួនឯងទៅចុះ​ តើមនុស្សថោកធុនប្តីនាង​ សប្បាយចិត្តនឹងនាងចាកចេញ​ សក្តិសមនឹងទទួលបានការលះបង់របស់នាងដែរឬទេ?​ វានៅតែមិនមែនជាការលះបង់ឬការផ្តល់អោយតែដដែល​ គឺនាងអាចមើលឃើញមនុស្សប្រុសធុននេះមិនសមអាត្មាអញបន្តរស់នៅជាមួយទេដែលនាងចាកចេញទៅនោះ។​ សរុបមក​ ការលះបង់ក្នុងភាពភ្លឺស្វាង​ ទីមួយត្រូវរកមើលអោយឃើញនៅក្នុងចិត្តអ្នកថា​ មនុស្សនេះសមនឹងទទួលបាននូវការលះបង់បែបនេះពីអាត្មាអញណាស់​ ទីពីរ​ ដាច់ខាតត្រូវតែមានការពេញចិត្តឬសប្បាយចិត្តក្នុងការអស់ទៅនៃអ្វីដែលជារបស់យើងដើម្បីអោយបានទៅដល់មនុស្សដែលយើងចង់ផ្តល់អោយ​នោះ​ បើអ្នកសំគាល់ថាអ្នកមានតែការឈឺចាប់តែម្យ៉ាងក្នុងការលះបង់ទៅអោយនោះ​ នោះមិនមែនជាការលះបង់របស់អ្នកទេ​ តែវាជាការជៀសវាងក្នុងការបាត់បង់ទៅ​ ឬជៀសវាងក្នុងការផ្តល់ទៅអោយគេ​ មិនបានទៅវិញទេតែប៉ុណ្ណោះ។​​ ការលះបង់ពិតប្រាកដ​ អ្នកលះបង់ក៏បានសុខក្នុងចិត្ត​ បានសប្បាយចិត្ត​ បានពេញចិត្ត​ ហើយអ្នកទទួលក៏បានសុខពីការបានទទួលនូវការលះបង់របស់គេ​ ហើយនឹងសុខក្នុងចិត្តដោយដឹងថាម្ចាស់គេបានពេញចិត្ត​ សប្បាយចិត្តនឹងបានបរិច្ចាកឬលះបង់នោះ។​ អោយតែនិយាយដល់ការលះបង់គឺមានម្ខាងជាអ្នកបាត់បង់ដោយជៀសមិនរួចឡើយ​ តែការសប្បាយឬក្តីសុខក្នុងផ្លូវចិត្តត្រូវមានទាំងសងខាង។​ ពាក្យថាលះបង់​ បៀមនូវពាក្យថា​ "សុខចិត្ត"​ សុខក្នុងផ្លូវចិត្ត​ ក្នុងការលះទៅ។​ សុខចិត្តទ្រាំ​ មានន័យទ្រាំដោយមានក្តីសុខក្នុងចិត្ត។​ សុខចិត្តលេបការឈឺចាប់​ មានន័យថា​ មានក្តីសុខព្រមក្នុងចិត្ត​ នឹងលេបការឈឺចាប់នោះ។​ អ្នកដែលបានធ្វើការលះបង់ពិតប្រាកដ​ មិនមែនជាអ្នកបាត់បង់ទេ​ តែជាអ្នកទទួលបាននូវរបស់មួយជាទីពេញចិត្តរបស់ខ្លួន។​ យើងអាចនិយាយដោយខ្លីថា​ "អ្នកលះបង់ពិតប្រាកដ​ មិនមែនជាអ្នកអស់ទេ​ តែគឺជាអ្នកបាន"​ ។។
6 hrs · Public
5:27 PM