លី ខ្វាន់យូ ៖ កម្ពុជាមិនគួរគេទទួលឲ្យចូលជាសមាជិកអាស៊ានទេ
Lee Kuan Yew |
ស្ថាបនិករបស់សមាគមអាស៊ាននេះ។
ឯកសារទូរលេខ ដែលដាក់ស្លាកថា«ការសម្ងាត់» និងបានបញ្ជូនដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំសិង្ហបុរី បានកត់ត្រាពីកិច្ចប្រជុំឆ្នាំ ២០០៧ រវាងលោក លី ជាមួយនឹងមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ។ ក្នុងកិច្ចប្រជុំ គេរាយការណ៍ថា លោក លី ថ្លែងថា អាស៊ានមិនគួរទទួលយកប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ជាសមាជិកក្នុងអំឡុងទសវត្សរ៍ទី ៩០ ឡើយ។
រៀបរាប់ពីទស្សនៈរបស់លោក លី ឯកសារទូរលេខនោះបានឲ្យដឹងថា៖ «សមាជិកចាស់ក្នុងអាស៊ានមានគុណតម្លៃរួមគ្នា និងអាទិភាពចំពោះរបបកុម្មុយនីស្ត។ គុណតម្លៃទាំងនោះ ត្រូវបានប្រឡាក់ប្រឡូកដោយសារសមាជិកថ្មី ហើយបញ្ហាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់គេបានបង្កឲ្យមានមន្ទិលសង្ស័យថា ពួកគេនឹងមិនប្រតិបត្តិដូចសមាជិកអាស៊ានចាស់ឡើយ»។
លោក លី អតីតនាយករដ្ឋមន្រ្តីកាន់តំណែងរយៈពេលយូរ បានបន្តទៀតថា លោកមានសុទិដិ្ឋនិយមបំផុតចំពោះប្រទេសវៀតណាម ដោយលោករៀបរាបថា ប្រទេសវៀតណាមជា«ប្រទេសឆ្លាត និងរៀនសូត្របានឆាប់» ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍរបស់អាស៊ាន។
លោកក៏បានថ្លែងដែរថា ទីក្រុងហាណូយមិនចង់ឃើញឥទិ្ធពលរបស់ប្រទេសចិន នៅក្នុងតំបន់មានកម្រិតខ្លាំងពេកទេ។ លោកបានប្រៀបធៀបថា ប្រទេសកម្ពុជាវិញ «មិនទាន់ងើបឡើងពីប្រវតិ្តសាស្រ្តដ៏លំបាក និងប្រព័ន្ធនយោបាយ ដែលមានលក្ខណៈបុគ្គលខ្លាំងនៅជុំវិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននៅឡើយទេ»។
លោក លី ក៏បានច្រានចោលប្រទេសឡាវ ថា«ជាប្រទេសឃ្លាំមើល» ឲ្យប្រទេសចិន ដោយលោកអះអាងថា ទីក្រុងវៀងចន្ទន៍ បានរាយការណ៍ទៅទីក្រុងប៉េកាំង ស្តីពីដំណើរការទាំងអស់ក្នុងកិច្ចប្រជុំអាស៊ានទាំងមូល។
សមាគមអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ជាកម្លាំងទប់ប្រឆាំងនឹងការរីករាលដាលនៃរបបកុម្មុយនីស្ត នៅអាស៊ីអាគ្នេយ៍ ដោយមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ជាសមាជិក។ ប្រទេសវៀតណាមបានចូលរួមជាសមាជិកសមាគមក្នុងឆ្នាំ១៩៩៥ ហើយក្រោយមកក្នុងឆ្នាំ១៩៩៧ ប្រទេសឡាវ និងមីយ៉ាន់ម៉ា បានចូលជាសមាជិក។ កម្ពុជាជាប្រទេសចុងក្រោយដែលបានចូលជាសមាជិក ក្នុងខែមេសា ១៩៩៩ បន្ទាប់ពីជម្លោះផ្ទៃក្នុង កាលពីខែកក្កដា ១៩៩៧ បានពន្យារពេលការចូលជាសមាជិកពេញលេញ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងកាលពីថ្ងៃម្សិលមិញថា លោកមិនចង់ផ្តល់ការអត្ថាធិប្បាយលើខ្លឹមសារឯកសារទូរលេខនោះ ឡើយ។ លោកបានបញ្ជាក់ថា៖ «យើងត្រូវអានវាឲ្យប្រុងប្រយ័ត្ន ហើយព្យាយាមយល់វាឲ្យស៊ីជម្រៅ។ ឥឡូវនេះ ខ្ញុំមិនចង់ផ្តល់ការអត្ថាធិប្បាយនោះទេ»។
អ្នកអង្កេតថា្នក់តំបន់ម្នាក់ ដែលមានមូលដ្ឋាននៅ ប្រទេសសិង្ហបុរី បានថ្លែងថា ទស្សនៈរបស់លោក លី ពីប្រទេសកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា បានឆ្លុះបញ្ចាំងពីការភ័យខ្លាចជាទូទៅថា អាស៊ាន«ពីរផ្លូវ»បានអភិវឌ្ឍឡើងចាប់តាំងពីទសវត្សទី ៩០ រហូតមកម្ល៉េះ។
ប៉ុន្តែ អ្នកវិភាគ ដែលមិនចង់បញ្ចេញឈ្មោះដោយសារលក្ខណៈរសើប នៃខ្លឹមសារក្នុងឯកសារទូរលេខនោះបានថ្លែងថា លោកភ្ញាក់ផ្អើលដែលលោក លី បានថ្លែងពីគោលបំណងដើមរបស់អាស៊ាន ដែលប្រឆាំងរបបកុម្មុយនីស្ត ព្រោះមុនឆ្នាំ២០០០ សមាគមនេះ«កំពុងស្ថិតក្នុងដំណើរការរៀបចំខ្លួនឯង ឲ្យទៅជាក្រុមលើសពីក្រុមប្រឆាំងរបបកុម្មុយនីស្តទៅទៀត។ បើពិនិត្យទៅអតីតកាល ពិតជាត្រូវការវាយតម្លៃទស្សនវិស័យរបស់ [លោក លី] មែន»។
លោក Mark Wenig អ្នកនាំពាក្យស្ថានទូតអាមេរិក បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោន«គាំទ្រទាំងស្រុងលើការចូលរួមជាសមាជិករបស់ កម្ពុជាក្នុងសមាគមអាស៊ាន»។ មន្រ្តីស្ថានទូតសិង្ហបុរី នៅរាជធានីភ្នំពេញ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានឡើយ កាលពីថ្ងៃម្សិលមិញ។
លោក លី ធ្វើការអត្ថាធិប្បាយនេះ ក្នុងអំឡុងកិច្ចពិភាក្សា កាលពីថ្ងៃទី ១៦ តុលា ២០០៧ ជាមួយនឹងលោក Patricia L Herbold អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសិង្ហបុរី និងលោក Tho mas J Christensen អតីតជំនួយការរងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ លោក លី អាយុ ៨៧ ឆ្នាំ ឥឡូវនេះ កាន់តំណែងជា «រដ្ឋមន្រ្តីគំរូ»ម្នាក់ ហើយនៅតែជាឥស្សរជនមានឥទិ្ធពលខ្លាំង ក្នុងនយោបាយសិង្ហបុរី។
ក្នុងឯកសារទូរលេខនោះដែរ លោក លី បានរៀបរាប់ ពីឧត្តមសេនីយកាន់អំណាយរបស់ប្រទេសមីយ៉ាន់ម៉ាថា ជាមនុស្ស«ល្ងីល្ងឺ» និង«រឹងទទឹង» ដែលគ្រប់គ្រងធនធានធម្មជាតិដ៏ច្រើនរបស់ប្រទេសដោយខុសឆ្គង។ ឯកសារទូរលេខនោះបានឲ្យដឹងថា៖ «លោក លី បានលើកឡើងថា ការនិយាយជាមួយនឹងរបបនេះ ដូច«និយាយទៅកាន់មនុស្សស្លាប់»។
ឯកសារទូរលេខគ្រាន់តែជាឯកសារមួយ ក្នុងចំណោមឯកសារគោលនយោបាយការបរទេសរបស់អាមេរិកជាង ២៥០ ០០០ ច្បាប់ ដែល WikiLeaks បានកំពុងលេចធ្លាយបន្តិចម្តងៗ ចាប់តាំងពីថ្ងៃទី ២៨ វិច្ឆិកា មក ។
ឯកសារសរុប មានប្រមានជា ១៤៧៧ ច្បាប់ត្រូវបានចេញផ្សាយគិតមកដល់ល្ងាចថ្ងៃម្សិលមិញហើយ ឯកសារជាង ១០០០ ច្បាប់ក្នុងបណ្ណាសាររបស់ Wiki Leaks ត្រូវបានកំណត់ប្រភេទថា ពាក់ព័ន្ធជាមួយនឹងប្រទេសកម្ពុជា ដែលរាប់បញ្ចូលទាំងឯកសារទូរលេខចំនួន ៧៧៧ច្បាប់ ពីស្ថានទូតអាមេរិកប្រចាំភ្នំពេញផងដែរ។ ឯកសារទូរលេខពីស្ថានទូតនៅភ្នំពេញពុំទាន់ចេញផ្សាយនៅឡើយទេ៕ TK
រាយការណ៍បន្ថែមដោយ AFP