ប្រទេសកម្ពុជាសម័យលង្វែក
ប្រទេសកម្ពុជាសម័យលង្វែកក្រោយពីរាជ្ជកាលព្រះបាទពញាយ៉ាតប្រទេសកម្ពុជាកើតមានចម្បាំង
ជាច្រើនសា ។ រាធានីត្រូវ បានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទូលបាសាន
(កំពងចាម) ភ្នំពេញ (ចតុមុខ) លង្វែក (កំពង់ឆ្នាំង) ។ ក្នុងរាជ ព្រះអង្គចន្ទ រាជធានីតាំងនៅបន្តាយ មានជ័យ ខេត្តពោធិសាត់ រួចប្តូមកក្រុងលង្វែកវិញ ។ ព្រះបាទចន្ទរាជា ឬព្រះអង្គ ចន្ទទី១ជាអនុជ
ពៅស្រីសុគន្ធបទ ឬជាបុត្រធម្មរាជា ។ ពេលដែលស្តេចកន ធ្វើគត់ស្រីសុគន្ធបទនៅបន្ធាយ ស្ទឹងសែននៅឆ្នាំ ១៥១២ ពញាចន្ទនៅក្រុងអយុធ្យានៅឡើយ ។ ក្នុងពេលធ្វើសង្គ្រាមជាមួយ
ស្តេចកន មន្ត្រី និង រាស្រ្តសុំ អោយព្រះអង្គចន្ទឡើងសោយរាជ្យ ទ្រង់យល់ព្រម ។ ទ្រង់ជាស្តេច
មួយអង្គដ៏ល្បីល្បាញដែលបានរំដោះដីខ្មែរភាគខាងលិចពីសៀម។ក្រៅពីបន្ទាយលង្វែក ទ្រង់បាន
កសាងវត្តអារាមជាច្រើននៅខេត្តពោធិសាត់ បរិបូណ៍ ជួសជុលវត្តនៅឧដុង្គមានវត្តលើភ្នំរាជទ្រព្យ
ជាដើម (ប្រះបុទ្ធរួមចូល ព្រះ និពា្ធន) វត្ត ត្រឡែងកែងនៅក្នុងបន្ទាយលង្វែក ដែលស្ថិតនៅលើទួល
មួយកន្លែងមានរាងជា ជើងក្អែក ក្នុងវិហានេះតម្កល់ព្រះពុទ្ធ រូប ត្រឡែងកែងគឺ ព្រះពុទ្ធរូបបួនអង្គ
គង់ឈរទល់ព្រះខ្នងនឹងគ្នា ហើយបែរព្រះភក្រ្កទៅទិសទាំងបួនហើយនឹងបានកសាង បដិមា ត្រឡែងកែងរូបព្រះគោ ។ ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវិ អោយចងក្រង និងសរសេរគ្រប់ប្រភេទ សម្រាប់កូនខ្មែរជំនាន់ក្រោយ។ តែគួរអោយស្តាយនៅឆ្នាំ ១៥៦៦ ទ្រង់ក៏សោយទិវង្គត អដ្ឋិធាតុ
តម្កល់ទុកលើភ្នំព្រះរាជទ្រព្យ។
១. ទីតាំងភូមិសាស្រ្ត
បន្ទាយលង្វែក ជាកន្លែងប្រវត្តិសាស្ត្រខ្មែរដ៏ជូរចត់ ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។បន្ទាយនេះសង់ដោយ ព្រះ បាទចន្ទរាជា ក្រោយពីព្រះអង្គវាយឈ្នះស្ដេចកននៅឆ្នាំ១៥២៦។ពេលនោះព្រះចន្ទរាជា(នាមសម្រាប់រាជ្យព្រះបរមរាជាចន្ទរាជា) ត្រឡប់មកពីធ្វើសង្គ្រាមជាមួយ
ស្ដេចកនក្នុងខេត្តត្បូងឃ្មុំ(ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម) បានយាងមកគង់នៅ បន្ទាយមានជ័យ (ខេត្តពោធិ៍សាត់) បានបញ្ជាឲ្យអ្នកមេការ មន្ត្រី ឧកញ៉ាបតី ចាត់ចែងកេណ្ឌប្រជានុរាស្ត្រកាប់ឈើ ជញ្ជូនថ្ម រែកដីដើម្បីសាងសង់ បន្ទាយលង្វែក និងព្រះបរមរាជវាំង។ ក្រុមមេការឲ្យគេជីក
បុកឫសរៀបថ្ម៦ហត្ថជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើ បន្ទាយនេះកម្ពស់១៤ហត្ថ កម្រាស់ខ្នងលើ១០ហត្ថ ជើងទេរខាងក្រោម២២ហត្ថ ឯជ្រុងទី៤គឺទន្លេ។ ព្រះអង្គធ្វើកំពែងការពារ៥ជាន់ ព្រមទាំងដាំឫស្សីយ៉ាងក្រាស់(កម្រាស់២សិន)ហើយមានទ្វារធំ៨ ក្នុងទ្វារនីមួយៗមានសើនមួយ។ សើនទាំង៨មានកម្ពស់២២ហត្ថ សម្រាប់ដាក់កាំភ្លើងធំ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ដាក់សុទ្ធទាហានកាំភ្លើងច្រូង(កាំភ្លើងវែង)។ ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែ ទាហានកងកាំភ្លើងធំ ហើយនៅមុខកំពែងនេះមានរោងដំរី និងរោងសេះ។ កំពែងទី២ ដាក់សុទ្ធតែទាហានកងកាំភ្លើងវែង និងសា លាជំនុំ សាលាដំបូង និងសាលាឧទ្ទរណ៍។ ក្នុងកំពែងទី៣ ដាក់សុទ្ធទាហានអាវុធខ្លី ដាវ ផ្គាក់ កាំបិត។ ក្នុងកំពែងទី៤ដាក់សុទ្ធ តែ ទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។ ក្នុងកំពែងទី៥ តាំងរោងបញ្ចក្សេត្រ និងដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យក្រុមបារគូ បុរោហិត និងក្រុមមហាតលិកនៅ ។ នៅក្នុងកំពែង
នេះដែរ មានព្រះបរមរាជវាំងកំពូលប្រាំបិតមាស និង លាបម្រ័ក្សណ៍ គឺសម្រាប់ព្រះមហាក្សត្រា ធិរាជផ្ទុំ ហើយមានតម្កល់វត្ថុសក្តិសិទ្ធិគឺ ព្រះត្រលែងកែង និងព្រះគោចំនួន១២ ដែលនៅក្នុងពោះ
គោទាំងនោះមានរក្សាទុកនូវគម្ពីរក្បួនសាស្ត្រា... ដ៏មានតម្លៃលើសលប់ ។ ហើយក៏មានផ្ទះស្រី
ស្នំក្រមការ បុត្រាបុត្រី និង មានឃ្លាំងធំៗ ដូចជា ឃ្លាំងស្រូវអង្ករ អំបិលប្រហុក ត្រីងៀតត្រីឆ្អើរ និង
ឃ្លាំងសាស្ត្រាវុធ ។ បន្ទាយលង្វែកមានទទឹងប្រវែង ២គីឡូ ម៉ែត និងបណ្ដោយប្រវែង៣គីឡូម៉ែត ហើយចំណាយពេលសាងសង់៣ឆ្នាំ ( ១៥២៧ - ១៥២៩ ) ។
២. ព្រះរាជា និងព្រឹត្តិការណ៍សម័យលង្វែក
១.ព្រះបាទចន្ទរាជា(១៥១៦ - ១៥៦៦)
ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ នៅក្នុងឱកាស ដែល
ស្ដេចកនធ្វើគុតព្រះបាទស្រី សុគន្ធបទនៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ១៥១២នោះ ព្រះអង្គចន្ទរាជា
កំពុងគង់នៅក្រុងអយុធ្យាស្រុកសៀម ឯនោះ។ នៅពេលទទួល បានដំណឹងនេះភ្លាម ព្រះអង្គក៏រក
រកមធ្យោបាយមករំដោះរាជបល្ល័ង្ក។ ក្នុងអំឡុងសង្គ្រាមនេះប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើង សោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះសម្រាប់រាជ្យថា ព្រះបរមរាជា
ចន្ទរាជា នៅគ.ស១៥១៦។ រហូត ដល់ឆ្នាំ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។ ចាប់ពីឆ្នាំ ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេ
សាងសង់បន្ទាយលង្វែក ។ នៅឆ្នាំ ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែក
ក៏ក្លាយជារាជាធានីខ្មែររហូតដល់ចុងសតវត្សទី១៦ ។ ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏
ល្បីល្បាញ មួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុង
អយុធ្យា។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រលែងកែង ព្រះគោ និងប្រមូលអ្នក
ប្រាជ្ញ បណ្ឌិត កវី ... ឲ្យចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតា
ខ្មែរជំនាន់ ក្រោយ។ ប៉ុន្តែនៅឆ្នាំ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។
ព្រះចេតិយតម្កល់អដ្ឋិធាតុ របស់ព្រះអង្គ ស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។
២.ព្រះបាទបរមរាជា(១៥៦៦ - ១៥៧៦)
ព្រះបាទបរមរាជា ជាបុត្រទី២របស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀមដើម្បីដណ្ដើម
យកអាណាខេត្តខ្មែរ ដែលសៀមបានយកទៅ។ នៅឆ្នាំ១៥៧០ ព្រះអង្គបានយាងទៅគង់នៅ
រាជធានីអង្គរដើម្បីប្រមូលទ័ពទៅរំដោះ យកខេត្តន គររាជសីមា ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រា
ទីនោះ។ នៅឆ្នាំ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀមខ្លាំងពេក ស្ដេចសៀមបង្ខំចិត្ត
ចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ខេត្តនគររាជសីមា ចន្ទបុរី និងបស្ចិមបុរី ឲ្យ មហាក្សត្រខ្មែរវិញ។ ចម្បាំងខ្មែរសៀមលើកនោះ គឺខ្មែរស៊ើបការណ៍ដឹងថាស្ដេចសៀមរវល់តែ
ធ្វើចម្បាំង ជាមួយឡាវ(សៀម ជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយឡាវ)។ ព្រះបាទបរមរា
ជាទ្រង់សោយទិវង្គតនៅគ.ស១៥៧៦។
៣.ព្រះបាទសត្ថាទី១(១៥៧៦ - ១៥៨៦)
ព្រះបាទសត្ថាទី១ ជាបុត្រាច្បងរបស់ព្រះបរមរាជាត្រូវបានសោយរាជសម្បត្តិបន្ត ឯបុត្រាប្អូន ព្រះបាទស្រីសុរិយោពណ៌ជា ឧបរាជ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាបាត់បង់
ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងពីអាស៊ីអាគ្នេយ៍។ នៅឆ្នាំ១៥៨៦ព្រះបាទសត្ថាទី១ ដាក់រាជសម្បត្តិឲ្យបុត្រាច្បងព្រះនាមជ័យជេដ្ឋាទី១។
៤.ព្រះបាទជ័យជេដ្ឋាទី១(១៥៨៦ -១៥៩៣)
ព្រះបាទជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទសត្ថាទី១ បានឡើងគ្រងរាជសម្បត្តិ ដោយមាន
ព្រះជន្មទើបតែ១១ព្រះវស្សា ឯបុត្រាទី២ព្រះនាមពញាតន់ មានព្រះជន្ម៦ព្រះវស្សាជាមហាឧបរាជ
។ ចំណែកព្រះបាទស្រីសុរិយោពណ៌ ជាមហាឧភយោរាជ។ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាលមកពីវិបត្តិរាជវង្សានុវង្ស មន្ត្រីសេនាបតី និង
ប្រជារាស្ត្រគ្មានជំនឿនឹងគោរពព្រះរាជាវ័យក្មេង គ្មានព្រះរាជតំរិះបន្តិចសោះ ធ្វើឲ្យប្រទេសជិតខាង ជាពិសេសប្រទេសសៀម លើកទ័ពមកវាយលុកចូលប្រទេសខ្មែរជាច្រើនលើកច្រើនសា។ ទីបំផុត
សៀមក៏វាយបែកបន្ទាយលង្វែកទៅ នៅឆ្នាំ១៥៩៤។
៣. ស្ថានភាពនយោបាយ
១.នយោបាយក្នុងប្រទេស
នៅសម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់។ ព្រះបាទសត្ថាទី១ ដាក់រាជ្យថ្វាយទៅបុត្រច្បង
ព្រះនាមជ័យជេដ្ឋាទី១ ដែល មានព្រះជន្មទើបតែ១១ព្រះវស្សា ព្រោះខ្លាចព្រះអនុជព្រះនាម
ស្រីសុរិយោពណ៌ដណ្ដើមរាជ្យសម្បត្តិដោយ ព្រះបាទស្រីសុរិយោ ពណ៌ មានសមត្ថភាព និងប្រជា
ប្រិយភាព ជាងព្រះអង្គ។ ការបាត់បង់បន្ទាយលង្វែកធ្វើឲ្យខ្មែរអស់ឫទ្ធានុភាព អស់ក្បួនខ្នាត ។ សត្រូវប្រមូលទ្រព្យសម្បត្តិ និងរបស់មានតម្លៃយកទៅស្រុកសៀមអស់ ។
២.នយោបាយក្រៅប្រទេស
កាលសម័យនោះពុំទាន់មានកង្វល់បញ្ហាព្រំដែនខាងកើតប៉ុន្មានទេ ព្រោះប្រទេសចម្ប៉ាកំពុង
ជាប់ដៃវាយជាមួយ យួនដែល កំពុងលេប ទឹកដីនេះបន្តិចម្តងៗ។ ប៉ុន្តែនៅព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះទឹកដីដែលបាត់បង់ទៅ តាំង ពីសតវត្សទី១៣យកមកវិញ។ ព្រះបាទស្រីរាជា ចន្ទរាជា បរមរាជា និងសត្ថាទី១ បានលើកទ័ពទៅវាយលុករហូត ដល់រាជធានី ស្រីអយុធ្យា ហើយរំដោះយកបានអាណាខេត្តជាច្រើនមកវិញ។ មូលហេតុដែលនាំឲ្យទ័ពខ្មែរ
ទទួលបានជោគជ័យ យ៉ាងនេះគឺ បណ្ដាលមកពីព្រះរាជារឹងមាំ មានស្មារតីក្លាហានមោះមុត ប្រជារាស្ត្រក្នុង និងក្រៅប្រទេសគាំទ្រ កងទ័ពជឿជាក់លើព្រះរាជា។ ម្យ៉ាងទៀត ទ័ពភូមាបានវាយ
សៀមជាញឹកញាប់ពីព្រំដែនសៀមភូមា។ ប៉ុន្តែក្រោយមកក្នុងរជ្ជកាល ព្រះបាទបរមរាជា ព្រះអង្គ បានចុះហត្ថលេខាលើសន្ធិសញ្ញាចំណងសម្ព័ន្ធមេត្រីភាពខ្មែរសៀមនាឆ្នាំ១៥៧៤។ ហើយសៀម
បានថ្វាយចំពោះព្រះមហា ក្សត្រខ្មែរនូវ ខេត្តនគររាជសីមា បស្ចិមបុរី ចន្ទបុរី។ ចាប់ពីរជ្ជកាល
ព្រះបាទសត្ថាទី១មក ព្រះរាជាខ្មែរតែទៅពឹងពួកអឺរ៉ុបដូចជា ប៉ទុយកាល់ និងអេស្ប៉ាញ ... ។ ពួកនេះបានបញ្ជូនកងទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរ ជាហេតុធ្វើឲ្យសៀមកាន់តែ ក្ដៅក្រហាយ ព្រោះខ្មែរ និងសៀមកាន់សាសនាព្រះពុទ្ធដូចគ្នា ឯពួកអឺរ៉ុបកាន់សាសនាគ្រិស្ត ហើយចង់មក ផ្សព្វផ្សាយនៅ ប្រទេសខ្មែរ។នៅឆ្នាំ១៥៩៤ សៀមបានវាយលុកយកក្រុងលង្វែក។ វាបានប្រមូល រតនភ័ណ្ឌអស់ពីបន្ទាយលង្វែក ថែមទាំងចាប់ ព្រះបាទស្រីសុរិយោពណ៌ និងអ្នកចេះដឹងខ្មែរជាច្រើនទៅស្រុកសៀមទៀត។ បើនរណារឹងទទឹងពួកវានឹងសម្លាប់ចោលភ្លាម។
៤. សេដ្ឋកិច្ចសម័យលង្វែក
កសិកម្ម
ផ្នែកកសិកម្មមានសកម្មភាពខ្លាំង ព្រោះព្រះរាជាសម័យនោះបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់ ។ ព្រះអង្គតែងតែគិតគូរដល់ដីធ្លីសម្រាប់ប្រជារាស្ត្រធ្វើស្រែចម្ការ ថែមទាំងបានជីកអូរ
ព្រែក ប្រឡាយសម្រាប់ផ្គត់ផ្គង់ទឹកដល់កសិកម្ម ។ ក្នុងរជ្ជកាលព្រះបាទចន្ទរាជា ទ្រង់បានបញ្ជាទ័ព
ឲ្យកាប់ឆ្ការព្រៃដើម្បីវាតទីដីស្រែចម្ការ សម្រាប់ប្រជារាស្រ្ត ។ នៅរដូវបង្កបង្កើនផល និងប្រមូលផល
គេតែងតែបញ្ឈប់សង្គ្រាមដើម្បីជួយប្រជារាស្ត្រក្នុងការប្រកបរបរកសិកម្ម។
ពាណិជ្ជកម្ម
ដោយសារបឹងទន្លេសាបសម្បូរត្រី ហើយដីនៅជុំវិញសម្បូរជីជាតិ និងទន្លេមេគង្គជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកនាំទំនិញទៅលក់ឯបរទេស វិស័យពាណិជ្ជកម្មមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត ស្ដេចកន ចន្ទរាជា ... ប្រទេសកម្ពុជាសុទ្ធតែបាននាំទំនិញទៅលក់
នៅបរទេស ហើយទិញមកវិញនូវគ្រឿងសាស្ត្រាវុធ។ ព្រះបាទបរមរាជាបានធ្វើទំនាក់ទំនងជាមួយ
ពួកអឺរ៉ុប ជប៉ុន ចិន ជ្វា ... ឲ្យមកធ្វើជំនួញនៅស្រុកខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់។ ពួកនេះបាននាំ
ទំនិញដូចជាកំណាត់សំពត់ ឧបករណ៍ប្រើប្រាស់ផ្សេងៗ ហើយនាំចេញទៅវិញនូវគ្រឿងទេស ភ្លុកដំរី ស្នែង ជ័រ ស្បែក ... ។
សិប្បកម្ម
សិប្បកម្មនៅមានការអន់ថយនៅឡើយ។ សកម្មភាពសំខាន់ក្នុងសម័យនោះគឺការស្លដែកដែលមានសន្ទុះខ្លាំងក្លាចាប់ពីរជ្ជកាលព្រះបាទចន្ទរាជា ព្រោះព្រះអង្គបានយកព្រះទ័យទុកដាក់
នឹងបញ្ហានេះណាស់។ ប៉ុន្តែការប្រើដែលជាវត្ថុធាតុដើម មានរបរដំដែកជាដើម មានសកម្មភាព តាំងពីក្នុងរជ្ជកាលព្រះបាទពញាយ៉ាតម្ល៉េះ។
៥. ការបាក់បែកបន្ទាយលង្វែក
Bunty long vet |
រាជសារជំនួញពីស្ដេចខ្មែរ ព្រះបាទសត្ថាទី១។ ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោ ពណ៌នាំទ័ពទៅជួយច្បាំង សៀមរហូតទទួល បានជ័យ ជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ព
ភូមាចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះលើភូមាហើយ សៀមរមិល គុណខ្មែរ បាន
លើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។នៅឆ្នាំ១៥៨៨ សៀមបានលើកទ័ពចូល ទន្ទ្រានខ្មែរ យ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់រហូតដល់ស្រុក
បរិបូរណ៍ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល៣ខែ
តែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជម្ងឺឆ្លង។ មុនទៅ វិញសៀម
បានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែក
( បើតាមឯកសារមហាបុរស ខ្មែរភាគ៣ បានប្រាប់ថាសៀមយកប្រាក់ដួងចំនួន ៥០០០ដួង
ច្របល់និងគ្រាប់សំណច្រកក្នុងកាំភ្លើងធំតូចបាញ់ចេញអស់វេលា ៣ថ្ងៃ )។ ប្រជារាស្ត្រខ្មែរនាំគ្នា
កាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួងទាល់តែរេចរឹលគុម្ពឫស្សីអស់។ នៅឆ្នាំ១៥៩៤ដោយដឹង
ថាគុម្ព ឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយ
លង្វែកត្រូវសៀមយកបាន។ពួកសៀម បាន ប្រមូលយកព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម។ ព្រះបាទសត្ថាទី១ និងបុត្រ ព្រះនាមជ័យ
ជេដ្ឋាទី១ ភៀសព្រះកាយទៅនៅដែនដីឡាវ ហើយក៏សោយទិវង្គតនៅទីនោះទៅ ក្នុងឆ្នាំ១៥៩៦។
ឯព្រះបាទស្រីសុ រិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀម។
✎ ផលវិបាក
ក្រោយពីបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយ មួយនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀមឆក់ប្លន់យកទៅប្រទេសវា ស្ទើរតែ អស់ រលីង។ ប្រទេសជាតិធ្លាក់
ទៅ ក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរពេញផ្ទៃ
ប្រទេស ។ ប្រទេសកម្ពុជាបានបាត់បង់អាណាខេត្តខាងលិច និងពាយ័ព្យ ដូចជា ខេត្តចន្ទបុរី បស្ចិមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់ ... ៕