រឿងរ៉ាវជីវិតពិតរបស់តារាសម្តែងដ៏ល្បីឈ្មោះ ចូវ សុីង ឈី (Chow Sing-Chi)
តើមានអ្វីកើតឡើងខ្លះនៅក្នុងឆាកជីវិតរបស់គាត់ សូមទៅតាមដានទាំងអស់គ្នា
ពេលដែលប៉ា និងម៉ាក់លែងលះគ្នា ខ្ញុំទើបអាយុ 7 ឆ្នាំ តុលាការកាត់ក្តីឲ្យខ្ញុំ បងស្រី និង ប្អូនស្រីខ្ញុំ នៅជាមួយម៉ាក់។ ក្នុងអំឡុងឆ្នាំ 1968 នៅ Hong Kong ម៉ាក់មើលថែពួកយើងបីអ្នកបងប្អូនយ៉ាង
វេទនា ព្រោះម៉ាក់ត្រូវធ្វើការដល់ទៅពីរកន្លែងតែសំណាងត្រង់ថាពួកយើងទាំងបីអ្នកសុទ្ធតែជា
ក្មេងល្អ ជាពិសេសគឺខ្ញុំតែម្តង។ ខ្ញុំខំរៀនខ្លាំងណាស់ប្រឡងបានពិន្ទុល្អរហូត ដូចនេះទើបខ្ញុំជាកូន
សំណព្វរបស់ម៉ាក់។
តែមានរឿងមួយដែលម៉ាក់បារម្ភបំផុតនោះគឺរឿងម្ហូបអាហារ ព្រោះកូនៗសុទ្ធតែស្ថិតនៅក្នុងវ័យ
កំពុងលូតលាស់។ ទោះបីជាជីវភាពលំបាកប៉ុណ្ណាក៏ដោយម៉ាក់នៅតែព្យាយាមរកសាច់រកត្រីមក
ឲ្យពួកយើងញ៉ាំទាល់តែបាន។ ចំណែកខ្ញុំអាងតែជាកូនសំណព្វ នៅពេលដែលម្ហូបដាក់ដល់តុ ខ្ញុំតែងតែទាញចានសាច់មកដាក់នៅចំពីមុខខ្ញុំ ហើយលូកតែម្ហូបដែលខ្ញុំចូលចិត្ត។ ឯបងស្រី និងប្អូនស្រីក៏ល្អហួសមិនដែលហ៊ានដណ្តើមខ្ញុំម្តងណាឡើយ តែខ្ញុំមិនមែនជាមនុស្សញ៉ាំច្រើន
អីទេញ៉ាំបានតែពីរបីម៉ាត់ក៏ឈប់ ហើយបែរទៅលេងអីផ្សេងៗតាមភាសាក្មេង។
ចរិតមិនល្អរបស់ខ្ញុំមួយទៀតនោះគឺ ខ្ញុំចូលចិត្តទំពាររបស់ញាុំលេង ហើយខ្ជាក់ចូលចានវិញ។ របស់ដែលខ្ញុំខ្ជាក់នោះបងប្អូនខ្ញុំមិនហ៊ានញ៉ាំទេ មានតែម៉ាក់ប៉ុណ្ណោះដែលហ៊ានញ៉ាំតពីខ្ញុំ ហេតុតែស្តាយ។ ម៉ាក់តែងតែស្តីបន្ទោសខ្ញុំចំពោះទង្វើមិនល្អមួយនេះ ប៉ុន្តែមិនសូវជាខ្លាំងប៉ុន្មានទេ អាចមកពីខ្ញុំមិនដែលបង្កបញ្ហាអីផ្សេងៗឲ្យម៉ាក់ត្រូវពិបាកចិត្ត។
តែមានម្តងនោះ ម៉ាក់ពិតជាខឹងរហូតដល់ដាក់ទោសខ្ញុំ...........កាលនោះម៉ាក់អត់បានទទួលប្រាក់ខែ
មក 2ខែហើយ តែម៉ាក់នៅឈ្លៀតទៅខ្ចីលុយគេដើម្បីទិញភ្លៅមាន់ពីរភ្លៅឲ្យពួកយើងញ៉ាំ។ ភ្លៅមាន់
នោះមានក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំខ្លាំងណាស់នៅពេលដែលមាន់ត្រូវបានរៀបដាក់លើតុខ្ញុំក៏ប្រញ៉ាប់
យកភ្លៅនោះមកខាំញ៉ាំហើយធ្វើមុខធ្វើមាត់ឌឺដាក់បងប្អូនខ្ញុំ ស្រាប់តែពេលនោះភ្លៅមាន់របូតចេញ
ពីដៃហើយជ្រុះទៅលើដី ធ្វើឲ្យប្រលាក់ញ៉ាំលែងកើត។
ដោយសារតែខឹងផងស្តាយផងម៉ាក់ក៏រើសយកមែកឈើមកវាយខ្ញុំគាត់វាយហើយវាយទៀតរហូត
ទាល់តែបងប្អូនខ្ញុំចូលមកទាញខ្ញុំចេញទើបម៉ាក់ឈប់វាយ។ បន្ទាប់មកពួកយើងបួនអ្នកក៏អោប
គ្នាយំ.........ក្រោយពីទឹកភ្នែកស្ងួតហើយពួកយើងក៏ញ៉ាំបាយជុំគ្នាសាជាថ្មី។ ព្រោះតែស្តាយម៉ាក់
ក៏រើសភ្លៅមាន់ដែលជ្រុះនោះមកស្រោចទឹកក្តៅហើយញ៉ាំខ្ញួនឯង។ យប់នោះម៉ាក់ចូលមកអោបខ្ញុំ ហើយសួរថា“នៅឈឺទេ? ថ្ងៃក្រោយនឹងរពឹសទៀតទេ?” តាមការពិតទៅខ្ញុំនៅឈឺនៅឡើយប៉ុន្តែខ្ញុំ
ឆ្លើយតបទៅម៉ាក់ទាំងស្នាមញញឹមថា “គេងទៅម៉ាក់ ស្អែកត្រូវក្រោកទៅសាលាតាំងពីព្រលឹមផង”
ជាងដប់ឆ្នាំក្រោយមក ខ្ញុំ និងម៉ាក់ត្រូវទៅចូលរួមកម្មវិធីទូរទស្សន៍មួយ ម៉ាក់និយាយពីរឿងនេះឲ្យ
ទស្សនិកជនបានស្តាប់ គាត់និយាយថា “កាលនៅក្មេងគេរពឹសណាស់ គ្មានដឹងខ្យល់អីទេថាម្ហូប
មួយមុខៗពិបាករកណាស់ គេពិតជាមិនយល់ពីតម្លៃរបស់វាឡើយ” ខ្ញុំនឹកត្រលប់ទៅដល់ហេតុ
នោះវិញហើយក៏និយាយចេញទៅថា “អត់ទេម៉ាក់ កាលនោះខ្ញុំដឹងថាម៉ាក់ពិបាក......តែកាលនោះ បើខ្ញុំមិនធ្វើជាជ្រុះភ្លៅមាន់ទេ ម៉ាក់នឹងហ៊ានញ៉ាំទេ? កាលពីក្មេង ពេលដែលមានរបស់ល្អញ៉ាំ ម៉ាក់តែងឲ្យពួកយើងបីនាក់បងប្អូនញ៉ាំរហូត ចំណែកម៉ាក់វិញគិតតែពីញ៉ាំបាយទទេជាមួយជ្រក់
ស្ពៃ ខ្ញុំក៏គិតល្បិចមួយ ធ្វើជាទំពារសាច់ហើយក៏ខ្ជាក់ចេញវិញ ទើបម៉ាក់ព្រមញ៉ាំវាព្រោះតែស្តាយ”
ពេលម៉ាក់បានស្តាប់រឿងអាថ៌កំបាំងដែលខ្ញុំលាក់ទុកមករាប់សិបឆ្នាំរួច ម៉ាក់ក៏ស្រក់ទឺកភ្នែក រួច
និយាយថា “ម៉ាក់គួរតែគិតបានតាំងពីយូរ ព្រោះឯងជាក្មេងល្អមករហូតលើកលែងតែរឿងញ៉ាំនេះ
មូយតែប៉ុណ្ណោះ”
ពេលនោះម៉ាក់ និងខ្ញុំយំអោបគ្នាយ៉ាងខ្លាំងដោយគ្មានខ្មាស់ទស្សនិកជនអីបន្តិចខ្ញុំឃើញថា
មានទស្សនិកជនជាច្រើនក៏លួចយំដូចគ្នាដែរ។ ខ្ញុំធ្វើជាតារាសម្តែងក៏ដូចជាអ្នកដឹកនាំរឿងមក
ជាច្រើនរឿងហើយ តែការសម្តែងដ៏ល្អបំផុតរបស់ខ្ញុំគឺពេលខ្ញុំអាយុ 7ឆ្នាំនោះហើយ ព្រោះវាជាការ
សម្តែងដែលចេញពីបេះដូងពិតគ្រាន់តែអ្នកមើលមានតែម្នាក់ប៉ុណ្ណោះ នោះគឺម៉ាក់របស់ខ្ញុំ។
ប្រភព WhatsUpKhmer