Thai Kimleang
ស្ទើតែគ្រប់មនុស្សអស្ចារ្យទាំងអស់ដែលខ្ញុំធ្លាប់បានអាន បានដឹង បានលឺ គឺតែងតែណែនាំឱ្យចំណាយពេលវេលានៅក្នុងសភាពស្ងប់ស្ងាត់ម្នាក់ឯង ថាជារឿងចាំបាច់។ ចង់ដឹងថាយើងដើរទៅផ្លូវណា ឬសម្រេចចិត្តលើអ្វីមួយឱ្យបានគត់មុត ទាល់តែយើងបានភ្ជាប់ខ្លួនយើងជាមួយនឹងចិត្តពិតប្រាកដ របស់យើង ចិត្តពិតប្រាកដនេះចេញមកនៅពេលដែលយើងស្ថិតក្នុងសភាពស្ងប់ស្ងាត់ ជាសភាពដែលមនុស្សទូទៅមិនចូលចិត្តសោះឡើយ តែជាសភាពដែលធ្វើឱ្យយើងបានលឺចិត្តរបស់យើង និងដឹងថាយើងត្រូវដើរទៅផ្លូវមួយណា។ បើមនុស្សពិតជាស្វែងរកពុទ្ធិមែន គេច្បាស់ជាចោលមិនបានចំពោះភាពឯការបស់គេឡើយ យូរៗទៅគេស្រលាញ់ភាពឯការបស់គេសម្បើមណាស់ ព្រោះវានឹងនាំគេទៅគ្រប់ទីកន្លែងដែលគេគិតថានឹងចង់ទៅ ហើយភាពឯកានេះក៏បានបញ្ជាក់ប្រាប់គេយ៉ាងច្បាស់ថាគេជាអ្នកណានារាល់ពេលដែលគេបានដាក់ចិត្តមកកាន់បេះដូងដែលជាជម្រកពិតរបស់វា។ ការចេញ ការចូលទៅក្នុងជម្រករបស់ចិត្ត គឺជាមេរៀនឱ្យគេស្គាល់ថាខ្លួនគេជានរណា។ នៅក្នុងសភាពឯកា យើងចាប់ផ្ដើមទទួលស្គាល់ថា យើងពិតជាមានសុបិន្ត យើងពិតជាមានអនុស្សាវរីយ៍ យើងពិតជាមានមនោសញ្ចេតនា យើងពិតជាមិនអស្ចារ្យទេ យើងពិតជាកំពុងរងទារុណកម្មជីវិតមែន ។ល។ ភាពឯកានឹងប្រាប់យើងនូវរឿងបន្តបន្ទាប់ដែលយើងមិនដែលនឹកនា យើងនឹងបានលឺរឿងពិតទាំងឡាយរបស់យើងពីភាពស្ងប់ស្ងាត់៕